(ភ្នំពេញ)៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានលើកឡើងនៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨នេះថា ការគំរាមបាតុកម្ម ដើម្បីដាក់សម្ពាធមកលើរាជរដ្ឋាភិបាលកម្ពុជាពីសំណាក់លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា និងបក្ខពួក គឺជាបទរំលោភច្បាប់របស់កម្ពុជា។
លោក ផៃ ស៊ីផាន បានសរសេរនៅលើទំព័រ Facebook ផ្លូវការរបស់លោកយ៉ាងដូច្នេះ៖ «ចំពោះករណីធ្វើបាតុកម្មដាក់សម្ពាធលើរាជរដ្ឋាភិបាល ក្នុងកិច្ចធ្វើឱ្យសង្គមមានភាព ច្របូលច្របល់ទាំងសណ្ដាប់ធ្នាប់សាធារណៈ ក៏ដូចជាសន្តិសុខជាតិនោះមិនគិតដល់រដ្ឋធម្មនុញ្ញ ដែលតម្រូវឱ្យរាជរដ្ឋាភិបាល ការពារអធិបតេយ្យ និងឯករាជ្យ ការរៀបចំធ្វើបាតុកម្មប្រឆាំងជាមួយនឹងដាក់សម្ពោធបង្ខំឱ្យរាជរដ្ឋាភិបាល ធ្វើតាមបង្គាប់របស់បរទេស គឺជាបទរំលោភច្បាប់របស់កម្ពុជា»។
ការលើកឡើងរបស់លោក ផៃ ស៊ីផាន បានធ្វើឡើងបន្ទាប់ពីលោក រ៉ុង ឈុន បានព្រមានដឹកនាំធ្វើបាតុកម្មក្រោយពិធីបុណ្យភ្ជុំបិណ្ឌ ឱ្យរដ្ឋាភិបាលទទួលយកការស្នើរបស់ EU ដែលអនុម័តសេចក្ដីសម្រេច កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ឱ្យរាជរដ្ឋាភិបាលកម្ពុជា ស្ដារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ព្រមទាំងតម្រូវឲ្យរដ្ឋាភិបាលកម្ពុជា ដោះលែងលោក កឹម សុខា ឱ្យមានសេរីភាពពេញលេញ និងលើកលែងទោសឱ្យលោក សម រង្ស៊ីផងដែរ។
លោក ផៃ ស៊ីផាន បានបន្តថា ការយកលេស និងខ្លឹមសាររបស់សហគមន៍អឺរ៉ុប ដែលមិនទាន់ចេញជាវិធានផ្លូវច្បាប់ណាមួយប្រឆាំង និងកិច្ចមិនសហការជាមួយកម្ពុជានោះ គឺជាជនឆ្លៀតឱកាស បង្កើតឱ្យមានអំពើអាណាធិបតេយ្យ នៅក្នុងសង្គមខ្មែរ និងបម្រើនយោបាយបរទេសតែប៉ុណ្ណោះ មិនមែនពិតប្រាកដផលប្រយោជន៍ខ្មែរនោះឡើយ។
លោក ផៃ ស៊ីផាន បានបន្ថែមទៀតថា រាជរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់នឹងចាត់វិធានការតាមផ្លូវច្បាប់ ក្នុងកិច្ចថែរក្សាអធិបតេយ្យ ឯករាជ្យ និងឯកភាពជាតិ នោះបើគ្មានកិច្ចសហការពីជននេះ ឬបណ្ដាញក្រុមនេះ រាល់តម្លៃគ្រប់រូបភាពណាក៏ដោយ។
លោក ផៃ ស៊ីផាន បានបញ្ជាក់យ៉ាដូច្នេះ៖ «ខ្ញុំសូមទាញអារម្មណ៍សារជាថ្មីដល់លោក រ៉ុង ឈុន និងបក្សពួកថា ប្រជាពលរដ្ឋខ្មែរទាំងមូល បានបង្ហាញនូវឯកភាពជាតិជាផ្លូវការ និងសាធារណៈរួចស្រេចហើយ តាមរយៈការបោះឆ្នោតគឺកម្ពុជា ជារដ្ឋអធិបតេយ្យមួយពិតប្រាកដ។ សហគមន៍អឺរ៉ុប មិនមែនជាអាណានិគមលើកម្ពុជានោះទេ»។
លោកបានបន្តទៀតថា កម្ពុជាមានកិច្ចសហការល្អណាស់ជាមួយគ្នាអស់រយៈច្រើនទសវត្សមកហើយ។ ក្នុងករណីទ្វេភាគី និងពហុភាគីតាមរយៈអាស៊ាន គឺកម្ពុជា និងសហភាពអឺរ៉ុបជាដៃគូរពិភាក្សា ដៃគូរអភិវឌ្ឍន៍ និងសហការតែប៉ុណ្ណោះ។ នៅក្នុងការថ្លែងយោបល់របស់សភាសហគមអឺរ៉ុប នោះជាជំនឿ និងនិន្នាការនយោបាយរបស់គេទេ ក៏ប៉ុន្តែសារអបអរសាទរ និងជូនពររបស់អធិការបតីអាឡឺម៉ង់ ចំពោះសម្តេចតេជោ ហ៊ុន សែន គឺមានន័យគ្រប់គ្រាន់សម្រាប់លោក រ៉ុង ឈុន និងបក្សពួករបស់គេរួចស្រេចហើយ។
លោកបញ្ជាក់បន្ថែមថា កម្ពុជា និងសហភាពអឺរ៉ុប ឋិតនៅតែជាដៃគូររហូត ហើយវេទិការ នយោបាយ និងសេដ្ឋកិច្ច នៅអនាគតដ៏ខ្លីខាងមុខ ក៏អាចបញ្ជាក់នូវបំណង ដ៏រឹងមាំចំពោះកិច្ចសហការនេះផងដែរ។ រាជរដ្ឋាភិបាល កំពុងតែបន្តពិភាក្សាជាមួយសភាសហភាពអឺរ៉ុប នូវរាល់បញ្ហាប្រឈមទាំងពួង ក្នុងភាពគោរពគ្នាទៅវិញទៅមក៕