(ភ្នំពេញ)៖ ដើម្បីជំរុញវិស័យកសិកម្ម ព្រមទាំងបំពេញតម្រូវការផលិតផលកសិកម្មលើទីផ្សារ ក្រុមហ៊ុនលក់ជីធម្មជាតិកម្ពុជា-ថៃ បានរួមគ្នាបង្កើតកិច្ចសហប្រតិបត្តិការ ក្នុងនាំចូលជី និងថ្នាំកសិកម្មពីប្រទេសថៃ មកចែកចាយក្នុងប្រទេសកម្ពុជា។
កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំង២នេះ ត្រូវបានចុះអនុស្សរណៈយោគយល់ (MoU) លើការចែកចាយជី និងថ្នាំកសិកម្ម របស់ក្រុមហ៊ុន ផៅវើរីចនេតវើក (The Power Rich Network) ជាមួយក្រុមហ៊ុន សីហា ផៅវើរីច ទទួលចែកចាយលក់នៅប្រទេសកម្ពុជា។
លោក ឡោ រស្មី អនុរដ្ឋលេខាធិកាក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានសម្ដែងការគាំទ្រ ចំពោះកិច្ចសហប្រតិបត្តិការ រវាងក្រុមហ៊ុនទាំង២ ដោយលោកបានលើកពីកត្តាវិជ្ជមានថា ការរួមដៃគ្នារវាងក្រុមហ៊ុនទាំង២នេះ នឹងជួយឲ្យវិស័យកសិកម្មកាន់តែ វិវត្តន៍ទៅមុខឥតឈប់ឈរ ហើយនេះជាការចូលរួមចំណែក ក្នុងការបម្រើទីផ្សារ និងជាការផ្ដល់ដល់ប្រជាកសិករ ប្រកបមុខរបរ កសិកម្មកាន់តែងាយស្រួល ខណៈបច្ចុប្បន្ននេះពលរដ្ឋកម្ពុជាជិត៨០% ជាអ្នកប្រកបរបរកសិកម្ម។
លោក សាង អ៊ាប ប្រធានក្រុមហ៊ុន សីហា ផៅវើរីច ថ្លែងថា ការចុះ MoU រវាងប្រទាំងកម្ពុជា-ថៃនេះ គឺដើម្បីនាំចូលផលិផលជី និងថ្នាំកសិកម្មរបស់ក្រុមហ៊ុនជាដៃគូរ (The Power Rich Network) មកបំពេញលើវិស័យកសិកម្ម ក្នុងប្រទេសកម្ពុជា ព្រមទាំងចែកចាយដល់បណ្ដាកសិកគ្រប់ខេត្ត-ក្រុងថែមទៀត។
លោកបានបន្ដទៀតថា កិច្ចសហការនេះនឹងជួយជំរុញកំណើនកសិផល និងបំពេញតម្រូវការទីផ្សារកសិកម្មនៅកម្ពុជា ឲ្យកាន់តែកើនឡើង ព្រមទាំងពង្រីកវិសាលភាពសម្រាប់ប្រជាកសិករខ្មែរយល់ដឹង និងជ្រើសរើសនូវប្រភេទជីដែលត្រឹមត្រូវ ទៅនឹងផលដំណាំកសិកម្ម ដែលធ្វើឲ្យទទួលបានផ្លែផ្កាច្រើន ព្រមទាំងចំណាយថវិកាតិច។
លោកបញ្ជាក់ទៀតថា «បច្ចុប្បន្ននេះកំណើននៃការប្រើប្រាស់ និងការផ្គត់ផ្គង់ជីលើដំណាំកសិកម្ម មានតម្រូវការខ្ពស់ជាហេតុធ្វើឲ្យផលិតផលរបស់ក្រុមហ៊ុនជី កើនឡើង។ ចំណែកឯកសិករវិញ ក៏នាំគ្នាសម្រុកដាំដំនាំកសិកម្មជាច្រើន ដើម្បីផ្គត់ផ្គងលើទីផ្សារ»៕