(ស្វាយរៀង)៖ កម្លាំងនគរបាលខេត្តស្វាយរៀង បានបញ្ជូនខ្លួនជនសង្ស័យជាជនជាតិចិនម្នាក់ ទៅសាលាដំបូងខេត្តស្វាយរៀង បន្ទាប់បីយកទឹកក្ដៅស្រោចលើម្រាមដៃ ជនជាតិចិនដូចគ្នា បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ។
នគរបាលក្រុងបាវិត បានឲ្យដឹងថា កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង២៖៣០នាទីរសៀល អធិការដ្ឋាននគរបាលក្រុងបាវិត បានទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ហ្វួ ធីងនុង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកកាស៊ីណូក្រោន ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង មានទីលំនៅខេត្តស៊ីឈន ប្រទេសចិន កាន់លិខិតឆ្លងដែនលេខ E95464297។
បណ្តឹងនោះបានរៀបរាប់ថា កាលពីវេលាម៉ោង៧៖២០យប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចក្នុងបន្ទប់បរិវេន កាស៊ីណូម៉ុកបាយ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង មានមនុស្ស៧នាក់ បានយកទឹកក្តៅមកស្រោច នៅលើដៃទាំងពីររបស់គេ (ជនរងគ្រោះ) បណ្ដាលឲ្យរបួសជាទម្ងន់។ បន្ទាប់មករូបគេ (ជនរងគ្រោះ) ត្រូវបានបញ្ជូនទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យពន្លឺបូពារ៍ ក្រុងបាវិត។
ក្រោយពីទទួលពាក្យបណ្តឹងរួច សមត្ថកិច្ចបានចុះស្រាវជ្រាវ។ រហូតដល់ម៉ោង៥ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ដដែល សមត្ថកិច្ចរកឃើញជនសង្ស័យម្នាក់ ឈ្មោះ ចាង ហោធាន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន មានទីលំនៅខណ្ឌយុងចូវ ខេត្តហូណាម ប្រទេសចិន មុខរបរ បុគ្គលិកក្រុមហ៊ុនភីងអានលិខិតឆ្លងដែន យកមកសាកសួរនៅអធិការដ្ឋាន។
ចំណែកជនសង្ស័យ៦នាក់ទៀត បានរត់គេចខ្លួនបន្ទាប់ពីធ្វើសកម្មភាពរួច។ ទោះជាយ៉ាងណាក៏ដោយ សមត្ថកិច្ចកំពុងស្រាវជ្រាវ តាមចាប់ជនសង្ស័យទាំង៦នាក់នោះ មកផ្តន្ទាទោសតាមច្បាប់៕