(ភ្នំពេញ)៖ ទេសរដ្ឋមន្រ្តី លី ធុជ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកការងារមីន នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨នេះ បានអនុញ្ញាតឲ្យលោកស្រី Tina Redshaw ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា ដែលទើបតែងតាំងថ្មីចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបនោះ លោកស្រីឯកអគ្គរាជទូត បានបញ្ជាក់ថា ចក្រភពអង់គ្លេស តាមរយៈគម្រោង DFID នឹងបន្តគាំទ្រដល់ប្រតិបត្តិករចំនួន ៣រួមមាន អង្គការ NPA HALO Trust និង MAG រហូតដល់ឆ្នាំ២០២០ លើការបោសសម្អាតផ្ទៃដីគ្រោះថ្នាក់ ការអប់រំយល់ដឹងពីមីន ការលើកកម្ពស់ប្រព័ន្ធព័ត៌មានវិស័យមីន និងការបង្កើនសមត្ថភាព។
ជាមួយគ្នានេះ ទេសរដ្ឋមន្ត្រី លី ធុជ ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់រាជរដ្ឋាភិបាលចក្រភពអង់គ្លេស ដែលបាននិងកំពុងជួយដល់វិស័យបោសសម្អាតមីននៅកម្ពុជា និងស្នើសុំឲ្យចក្រភពអង់គ្លេស បន្តជំនួយរហូតដល់ឆ្នាំ២០២៥ ស្របតាម ផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥៕