(ចិន)៖ កម្ពុជាបានផ្សព្វផ្សាយផលិតផលជាតិ ជាច្រើនប្រភេទ នៅឯពិព័រណ៍ចិន-អាស៊ាន លើកទី១៥ ដែលបានធ្វើឡើងនៅឯទីក្រុង ណាននីង នៃតំបន់ស្វយ័ត គ័ងស៊ី ជ័ង ប្រទេសចិន។
ក្នុងនាមជាប្រទេសកិត្តិយសនៃកម្មវិធីពិព័រណ៍នៅឆ្នាំនេះ កម្ពុជាបានតាំងបង្ហាញសមិទ្ធិផលថ្មីៗបំផុតរបស់ជាតិក្នុងវិស័យកសិកម្ម ហេដ្ឋរចនាសម្ព័ន្ធ សហគ្រាសខ្នាតតូចនិងមធ្យម អប់រំនិងទេសចរណ៍ ព្រមទាំងបានបង្ហាញផលិតផលនិងសេវាកម្មថ្មីៗក្នុងវិស័យទាំងនេះ នៅតាមស្តង់តាំងបង្ហាញជាង១៤០ស្តង់ផងដែរ។
បុគ្គលិកមកពីទូរទស្សន៍ NICE TV ដែលមានការគាំទ្រពីប្រទេសចិន ក៏បានមានវត្តមាននៅក្នុងពិព័រណ៍នេះផងដែរ ដោយគេបានផ្សាយផ្ទាល់ព្រឹតិ្តការណ៍ប្រចាំឆ្នាំមួយនេះ។
លោក ជា ធីរិទ្ធ ផលិតករកម្មវិធី ទូរទស្សន៍ NICE TV និយាយថា «នេះគឺជាលើកទីមួយហើយ ដែលយើងផ្សាយព័ត៌មានអំពីពិព័រណ៍ចិន-អាស៊ាន ទៅកាន់ប្រទេសដទៃទៀត។ ប្រទេសចិននិងប្រទេសកម្ពុជា សព្វថ្ងៃ មានចំណងទំនាក់ទំនងល្អរួចទៅហើយ ហើយយើងចង់ឱ្យប្រជាពលរដ្ឋកម្ពុជាកាន់តែច្រើននាក់ទៀត បានស្គាល់កាន់តែច្បាស់អំពីវប្បធម៌ចិន និងវិធីដែលអ្នកជំនួញចិន រកស៊ី។ ហើយយើងអាចរៀនសូត្រពីអ្នកវិនិយោគជនជាតិចិនបាន»។
ឆ្នាំនេះ គឺជាខួបលើកទី៦០ នៃការបង្កើតចំណងការទូតរវាងប្រទេសកម្ពុជា និងប្រទេសចិន ហើយក៏ជាខួបលើកទី១៥នៃការបង្កើតភាពជាដៃគូរយៈពេលវែង ចិន-អាស៊ាន ផងដែរ។
ដោយបានចាប់ផ្តើមកាលពីឆ្នាំ២០០៤ កម្មវិធីពិព័រណ៍នេះ គឺជាវេទិកាដ៏សំខាន់មួយ ដែលលើកស្ទួយដល់លំហូរពាណិជ្ជកម្មនិងទំនាក់ទំនង រវាងប្រទេសចិននិងបណ្តាប្រទេសដែលជាសមាជិកអាស៊ាន។
ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អាស៊ាន ហើយអាស៊ាន គឺជាដៃគូពាណិជ្ជកម្មធំបំផុតលំដាប់ទី៣របស់ប្រទេសចិន។ លំហូរពាណិជ្ជកម្មរវាងភាគីទាំងពីរ បានកើនឡើងជិត១៤ភាគរយ មកត្រឹមទឹកប្រាក់ចំនួន៥សែន១ម៉ឺន៤ពាន់៨រយលានដុល្លារអាមេរិក កាលពីឆ្នាំមុន៕