(ភ្នំពេញ)៖ លោកបណ្ឌិត លី ឆេង អគ្គនាយកប៊ែលធីគ្រុប នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ បានជួបសំណេះសំណាលជាមួយសិស្សប៊ែលធី និទ្ទេស «A» ទាំង៤២រូប ដែលបានប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០១៧-២០១៨។ ក្នុងនោះបេក្ខជន ប៉េង គីមហេង ទទួលបានចំណាត់ថ្នាក់លេខ២ ទូទាំងប្រទេសដែលមានលំដាប់ពិន្ទុ៩៩.៩៩៩។
លោកបណ្ឌិត លី ឆេង បានលើកទឹកចិត្តក្មួយៗទាំងអស់ ត្រូវបន្តខិតខំប្រឹងប្រែង សិក្សារៀនសូត្របន្ថែមទៀត ដើម្បីទទួលបានជោគជ័យ ក្នុងការសិក្សាថ្នាក់ឧត្តមសិក្សា លើមុខជំនាញដែលខ្លួនពេញចិត្ត និងក្លាយជាធនធាន ដ៏មានសារសំខាន់បំផុត។ លោកក៏បានលើកទឹកចិត្តសិស្សទាំងអស់ ប្រឹងប្រែងក្រេបយកចំណេះដឹងបន្ថែម សម្រាប់ជួយអភិវឌ្ឍប្រទេសកម្ពុជា ឱ្យបានរីកចម្រើនរុងរឿង នាពេលអនាគតផងដែរ។
សិស្សប៊ែលធី ដែលទទួលបាននិទ្ទេស «A» ទាំង៤២រូប នឹងទទួលបានអាហារូបករណ៍លោក លី ឆេង ឲ្យទៅបន្តការសិក្សា នៅសាកលវិទ្យាល័យដៃគូល្បីៗ របស់ប៊ែលធី នៅជុំវិញពិភពលោក។ សាកលវិទ្យាល័យទាំងនោះ មានដូចជា សហរដ្ឋអាមេរិក កាណាដា ជប៉ុន សឹង្ហបុរី ចិន ថៃ ម៉ាឡេស៊ី ជាដើម។
សូមជម្រាបថា សិស្សប៊ែលធី បានរក្សាជើងឯកលេខ១រយៈពេល២ឆ្នាំ និងលេខ២ចំនួន២ឆ្នាំជាប់ៗគ្នា ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទូទាំងប្រទេស ដែលទទួលបាននិទ្ទេស A មានលំដាប់ពិន្ទុ១០០ពេញ និងពិន្ទុខ្ពស់បន្ទាប់។
តាមរបាយការណ៍របស់សាលាប៊ែលធី បានបង្ហាញថា៖
*នៅឆ្នាំ២០១៨ សិស្សឈ្មោះ ប៉េង គីមហេង ភេទប្រុស បានប្រឡងជាប់ និទ្ទេស A ជាមួយពិន្ទុ ៩៩.៩៩៩ រួមនឹងសិស្សប៊ែលធី ចំនួន៤១នាក់ផ្សេងទៀត ក៏បានជាប់និទ្ទេស A ផងដែរ (ក្នុងចំណោមបេក្ខជនចូលរួមប្រឡងសរុប១១៥,២៦៨នាក់ ស្រី៥៨,១៥៨នាក់)។
*នៅឆ្នាំ២០១៧កន្លងទៅ សិស្សឈ្មោះ ស គីមស៊ា ភេទប្រុស បានប្រឡងជាប់ និទ្ទេស A ជាមួយពិន្ទុ១០០ពេញ រួមនឹងសិស្សប៊ែលធី ចំនួន២៥នាក់ផ្សេងទៀត ក៏បានជាប់និទ្ទេស A ផងដែរ (ក្នុងចំណោមបេក្ខជនចូលរួមប្រឡង ចំនួន១០១,៤១៣នាក់)។
*នៅឆ្នាំ២០១៦ សិស្សឈ្មោះ កាំង ស៊ីញលី ភេទប្រុស បានប្រឡងជាប់និទ្ទេស A ជាមួយពិន្ទុ១០០ពេញ រួមនឹងសិស្សប៊ែលធី ចំនួន១៩នាក់ ផ្សេងទៀតក៏បានជាប់និទ្ទេស A ផងដែរ (ក្នុងចំណោមបេក្ខជនចូលរួមប្រឡង ចំនួន ៨៩,៦៦១នាក់)។
*ដោយឡែកនៅឆ្នាំ២០១៥ សិស្សឈ្មោះ សេង ហ្គិចលី ភេទស្រី បានប្រឡងជាប់និទ្ទេស A លំដាប់ពិន្ទុលេខ២ ទូទាំងប្រទេស រួមនឹងសិស្សប៊ែលធី ចំនួន០៥នាក់ ផ្សេងទៀតក៏បានជាប់និទ្ទេស A ផងដែរ (ក្នុងចំណោមបេក្ខជនចូលរួមប្រឡង ចំនួន ៩៣,៤៥៦នាក់)។
សូមបញ្ជាក់ថា បេក្ខជនប្រលងបាក់ឌុប នៅឆ្នាំ២០១៨នេះ ជាប់សរុប ៧៥,០៥៩នាក់ ស្មើនឹង ៦៦.២១%។ មានបេក្ខជន និទ្ទេស A ២៩០នាក់, បេក្ខជន និទ្ទេស B ១,៥៣២នាក់, បេក្ខជន និទ្ទេស C ៤,៦៣១នាក់, បេក្ខជន និទ្ទេស D ១៣,៩៩៩នាក់ និងបេក្ខជននិទ្ទេស E ៥៤,៦០៧នាក់។ ការប្រឡងសម្រាប់ឆ្នាំសិក្សា២០១៨នេះ មានបេក្ខជនបានចុះឈ្មោះប្រឡងសរុបចំនួន ១១៥,២៦៨នាក់ ស្រី៥៨,១៥៨នាក់៕