(ភ្នំពេញ)៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី១៨ ខែកញ្ញានេះ បានអញ្ជើញជួបសំណេះសំណាល ជាមួយប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា មុននឹងចេញទៅចូលរួម កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៥ នៅប្រទេសជប៉ុន និងប្រទេសចំនួន៤ផ្សេងទៀត ក្នុងតំបន់អាស៊ាន រួមមាន ប្រទេសព្រុយណេ ប្រទេសហ្វីលីពីន ថៃ និងប្រទេស វៀតណាម ដែលមានរយៈពេល៥២ថ្ងៃ មានយុវជនសរុបទាំងអស់៣៣០នាក់ នៅក្នុងឆ្នាំ២០១៨នេះ។
នាឱកាសនេះ លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជំរុញនិងលើកទឹកចិត្តដល់យុវជនទាំង ចូលរួមឱ្យបានសកម្មក្នុងការសិក្សាស្វែងយល់ពីប្រទេសផ្សេងៗ ក៏ដូចជាបង្ហាញនូវអ្វីដែលជាវប្បធម៌ និងភាពរីកចំរើនរបស់កម្ពុជា នៅពេលបច្ចុប្បន្ន។
ជាមួយគ្នានេះ រដ្ឋមន្ត្រីបានលើកឡើងពីការងារគ្រប់គ្រងបរិស្ថាន កិច្ចគាំពារបរិស្ថាន ដែលជាការងារស្នូលរបស់ក្រសួង បាននឹងកំពុងយកចិត្តទុកដាក់ធ្វើយ៉ាងណាអោយមានប្រសិទ្ធភាព និងជំរុញឱ្យយុវជនទាំងអស់ចូលរួមចំណែកគិតគូរ ក៏ដូចជាជួយផ្សព្វផ្សាយពីបរិស្ថាន។
ក្រសួងបរិស្ថានបានធ្វើទំនើបកម្មក្រសួង ដោយលើកកម្ពស់ទាំងធនធានមនុស្ស និងសមត្ថភាព ដើម្បីចូលរួមក្នុងការអភិវឌ្ឍន៍ការងារ នៅក្នុងស្ថាប័នឱ្យមានភាពប្រសើរឡើង និងចូលរួមអោយមានប្រសិទ្ធិភាព ក្នុងកិច្ចគាំពារបរិស្ថានផងដែរ។
នាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៥ មានរយៈពេល៥២ថ្ងៃ ដែលប្រតិភូនាវាយុវជនកម្ពុជា នឹងត្រូវចេញដំណើរការនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ និងត្រលប់មកដល់កម្ពុជាវិញ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨។ យុវជនអាស៊ាន និងជប៉ុនទាំងអស់៣៣០នាក់ នឹងត្រូវជួបគ្នាមុនដំបូង នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីចូលរួមកម្មវិធីបើកជាផ្លូវការ។
យុវជនទាំងអស់ នឹងត្រូវបែងចែងជាក្រុមដែលមានប្រទេសទាំង១១ ចូលរួមគ្នា ហើយធ្វើទស្សនកិច្ចទៅតំបន់ផ្សេងៗ នៅក្នុងប្រទេសជប៉ុន។ ពេលត្រលប់ពីទស្សនកិច្ច ប្រតិភូយុវជនទាំងអស់ នឹងត្រូវបន្ដដំណើរ តាមនាវា១គ្រឿង ដែលមានឈ្មោះថា Nippon Maru ដើម្បីទៅកាន់ប្រទេសចំនួន៤ទៀត គឺប្រទេសប្រ៊ុយណេ, ប្រទេសហ្វីលីពីន, ប្រទេសថៃ និងប្រទេសវៀតណាម។
គួររំលឹកថា សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ត្រូវបានបង្កើតឡើងនៅក្នុងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០០៤ ដោយសមាជិក ដែលជាអតីតប្រតិភូយុវជនមួយចំនួន ក្រោមការជួយជ្រោមជ្រែងពីក្រសួងអប់រំ យុវជន និងកីឡា។ សមាជិកសរុបរួមទាំង ឆ្នាំ២០១៨នេះ មានចំនួន៥៦៩នាក់ និងសមាជិកទាំង១១ប្រទេស មានអាស៊ាន និងជប៉ុន សរុបចំនួន ១៣,៧០៣នាក់។ សមាគមនេះ បង្កើតឡើងក្នុងគោលបំណង៤ សំខាន់ៗរួមមាន៖
ទី១៖ ជាឆ័ត្រមួយដែល ថែរក្សា និងពង្រឹងទំនាក់ទំនងមិត្ដភាព សាមគ្គីភាពរវាងអតីតប្រតិភូទាំងអស់។
ទី២៖ រៀបចំវគ្គបណ្ដុះបណ្ដាលមុនពេលចេញដំណើរ ដើម្បីជាការចែករំលែក ចំណេះដឹង និងបទពិសោធន៍ គ្រប់ជ្រុងជ្រោយ ជូនប្រតិភូយុវជនជំនាន់ក្រោយឱ្យចូលរួមកម្មវិធីប្រកបដោយប្រសិទ្ធភាព និងជោគជ័យ។
ទី៣៖ ប្រមូលផ្ដុំកម្លាំង ធនធាន និងបំផុសទឹកចិត្តឱ្យយុវជន ឱ្យចេះផ្ដួចផ្ដើមគំនិតក្នុងការបង្កើត និងចូលរួមគម្រោងជួយសង្គម ឱ្យបានកាន់តែសកម្ម។
ទី៤៖ ចូលរួមសម្រេចឱ្យបាននូវគោលបំណង របស់កម្មវិធីនាវាយុវជនអាស៊ី អាគ្នេយ៍ និងជប៉ុន៕