(ត្បូងឃ្មុំ)៖ លោក កែវ ពិសិដ្ឋ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨នេះ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តកម្ពុជា-ចិន ចំនួន១៤រូប របស់សមាគមប្រឹក្សាសុខភាពប្រជាជន ចុះពិនិត្យសុខភាពបេះដូងកុមារដោយឥតគិតថ្លៃ នៅសាលាវិទ្យាល័យហ៊ុន សែន ពញាក្រែក ខេត្តត្បូងឃ្មុំ។
លោក កែវ ពិសិដ្ឋ បានលើកឡើងថា កុមារជាង២០០នាក់ ដែលបានមកទទួលការពិនិត្យ គឺមានកុមារម្នាក់ដែលមានជំងឺបេះដូង ក្នុងកម្រិតធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវការព្យាបាល ក្នុងលក្ខខណ្ឌមួយសមស្រប។
អ្នកតំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំបានបន្ថែមថា ក្នុងការពិនិត្យនាពេលនោះ បើក្រុមគ្រូពេទ្យរកឃើញថា មានកុមារណាមានជំងឺបេះដូង ដែលអាចព្យាបាលបាន គឺនឹងដឹកនាំយកទៅពិនិត្យព្យាបាល នៅក្រៅប្រទេស ហើយរាល់ការចំណាយលើការព្យាបាល គឺជាបន្ទុកផ្ទាល់របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តកម្ពុជា-ចិន។
តំណាងរបស់អាណាព្យាបាលកុមារខាងលើបានលើកឡើងថា សកម្មភាពរបស់ លោក កែវ ពិសិដ្ឋ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តកម្ពុជា-ចិននាពេលនេះ គឺជាការចូលរួមស្វែងរកនូវដំណោះស្រាយក្នុងកង្វល់ ដែលតែងមានការយកចិត្តទុកដាក់ ចំពោះសុខភាពរបស់កុមារកម្ពុជាយើង។
គួរបញ្ជាក់ថា ក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ គឺមានកុមារកម្ពុជាចំនួន៣០នាក់ហើយ ដែលត្រូវបានក្រុមគ្រូពេទ្យស្ម័គ្រចិត្តកម្ពុជា-ចិន បញ្ជូនទៅព្យាបាល នៅសាធារណរដ្ឋប្រជាមានិតចិន៕