(ភ្នំពេញ)៖ កម្មវិធីជួបជុំអតិថិជន នៃគម្រោងដីឡូតិ៍របស់លោកស្រី សេង ដាលីន និងលោក ឡាយ សំណាង ដែលមានលោក ស៊ីម តារា ជាតំណាងផ្នែកទីផ្សារ បានបង្កើនការទុកចិត្ត និងពេញចិត្តនូវការធានាអះអាង របស់ម្ចាស់គម្រោងពាក់ព័ន្ធនឹងការគ្របគ្រងដីធ្លី និងនីតិវិធីនៃការកាត់ប្លង់រឹងជូនអតិថិជនចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨នេះ តទៅជូនអតិថិជនទាំងអស់។
ជាកិច្ចចាប់ផ្តើមលោកស្រី សេង ដាលីន បានស្វាគមន៍ អបអសាទរ និងសម្តែងនូវភាពសប្បាយរីករាយ ជាមួយនឹងកិច្ចថ្លែងអំណរគុណ ចំពោះអតិថិជនទាំងអស់ដែលផ្តល់នូវសេចក្តីទុកចិត្ត និងភាពជឿជាក់មកលើក្រុមហ៊ុន។
ជាមួយគ្នានេះលោកស្រី សេង ដាលីន ក៏បានធានា និងអះអាងដោយសេចក្តីរំភើបរីករាយ និងស្វាគមន៍ គ្រប់ដំណាក់កាលនៃនីតិវិធីទាំងអស់ ដែលអតិថិជនចង់បាន ចាប់តាំងពីថ្ងៃចុះឈ្មោះទិញដីឡូតិ៍ រហូតទទួលបានប្លង់រឹងជាកម្មសិទ្ធិផ្តាច់មុខ។
លោកស្រីក៏បានបញ្ជាក់ ពីសិទ្ធិលើដីឡូត៍ថា អតិថិជនទាំងអស់ បានក្លាយជាម្ចាស់កម្មសិទ្ធិ ចាប់តាំងពីថ្ងៃចុះឈ្មោះទិញដីនោះ មកម្លេះ បើទោះបីនីតិវិធី នៃការបង់លក់នៅតែបន្តទៅមុខ មិនទាន់ចប់ក៏ដោយ ហើយអតិថិជនទាំងអស់ក៏មានសិទ្ធិគ្រប់គ្រង និងអាស្រ័យលើដីនោះផងដែរ ដូចជា ធ្វើរបប ចាក់ដី ចាក់សាប ដាំដំណាំ ឬសង់ជាផ្ទះជាដើម។
ដោយឡែក ចំពោះការចាត់ចែងលើដីឡូតិ៍នោះ គ្រប់អតិថិជនក៏អាចធ្វើបានដែរ ជាមួយគ្នានេះក្រុមហ៊ុន ក៏នឹងសម្រួលដល់នីតិវិធី ក្នុងការផ្ទេឈ្មោះ ទៅតាមភាពជាក់ស្តែងនៃប្លង់ដីឡូត៍នីមួយៗ ហើយបន្ទុកនៃកាចំណាយនានា លើការកាត់ឈ្មោះ ឬធ្វើប្លង់រឹងជារបស់អតិថិជន (អតិថិជនជាអ្នកចំណាយ) ដែលត្រូវអនុវត្តទៅតាមការកំណត់នៃច្បាប់រដ្ឋ។
ជាមួយគ្នានេះ លោកស្រីក៏បានបញ្ជាក់ជូនអតិថិជន ដែលមានបំណងធ្វើប្លង់រឹងថា មានសិទ្ធិគ្រប់គ្រាន់ក្នុងការសម្រេចចិត្ត ដែលត្រូវធ្វើតាមរយៈក្រុមហ៊ុនក៏បាន និងត្រូវធ្វើដោយឯកជនខ្លួនឯងក៏បាន។ តែទោះជាយ៉ាងនេះក្តី គ្រប់នីតិវិធីដែលតម្រូវ ហើយពាក់ព័ន្ធនឹងការងាររបស់ក្រុមហ៊ុន នៅតែបន្តជួយសម្រួលជូនជានិច្ច។
សូមបញ្ជាក់ថា ការជួបជុំរវាងអតិថិជនជាមួយម្ចាស់គម្រោងដីឡូតិ៍ លោកស្រី សេង ដាលីន និងលោក ឡាយ សំណាង ត្រូវបានធ្វើឡើងបន្ទាប់ពីមាន «ព័ត៌មានខ្យល់» បានចុះផ្សាយដោយសារព័ត៌មានក្នុងស្រុកមួយចំនួន ដោយបង្ខូចកេរ្តិ៍ឈ្មោះក្រុមហ៊ុនរបស់លោក ឡាយ សំណាង និងលោកស្រី សេង ដាលីន។
ជាមួយគ្នានេះ លោកស្រី សេង ដាលីន បានបញ្ជាក់ជូនគ្រប់អតិថិជនទាំងអស់ថា គម្រោងលក់ដីឡួតិ៍របស់លោកស្រី ដែលជាម្ចាស់នេះ គឺមិនមានពាក់ព័ន្ធជាមួយនឹងលោក ស៉ីម តារា ដែលគេស្គាល់ថា ជាគ្រូបណ្តុះបណ្តាលដ៏ល្បីឈ្មោះម្នាក់ នៅក្នុងប្រទេសកម្ពុជា ក្នុងការបង្វឹកមនុស្សអំពីភាពជោគជ័យក្នុងជីវិត និងក្នុងកម្មវិធី YOUNG CEO អោយឲ្យជាអ្នកដឹកនាំ និងក្លាយជាម្ចាស់អាជីវកម្មប្រកបដោយភាពជោគជ័យជាច្រើនម៉ឺននាក់ តាំងពីឆ្នាំ២០០៦នោះមកទេ។
លោកស្រី សេង ដាលីន បានគូសបញ្ជាក់ថា លោក ស៉ីម តារា ធ្លាប់ជាតំណាងរបស់ក្រុមហ៊ុនលក់ដីឡូតិ៍ នាពេលកន្លងមក តែដោយសារគម្រោងលក់របស់លោកបានលក់អស់ ម្យ៉ាងលោកមានភាពមមាញឹកក្នងការងាររបស់ផ្ទាល់ផងនោះ លោកក៏សុំឈប់ទទួលគម្រោងលក់តទៅទៀតដែរ។ តែយ៉ាងណា លោក ស៉ីម តារា នៅតែទទួលដោះស្រាយបញ្ហានានា ដែលកើតឡើងរវាងក្រុមហ៊ុន និងអតិថិជន ក្នុងអំឡុងពេលទិញលក់ ដែលមានលោកជាតំណាង។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក ស៉ីម តារា ក្នុងជំនួបជាមួយអតិថិជន កាលពីរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ នៅសណ្ឋាគារ ដារា អ៊ែរផត។
នៅក្នុងពិធីជួបជាមួយអតិថិជនទាំងអស់ ដើម្បីពិសារអាហារសាមគ្គី បង្កើនភាពស្និតស្នាល ជាមួយនឹងម្ចាស់គម្រោង ក៏ដូចជាឲ្យអតិថិជនបានស្គាល់ បានស្តាប់សម្តី បានឮពីការសន្យា ឬបានឮពីការអះអាងដោយជំនឿចិត្ត របស់ម្ចាស់គម្រោងជូនអតិថិជន ដើម្បីចៀសវាងនូវ «ព័ត៌មានខ្យល់» មួយដែលបានចុះផ្សាយ ដោយសារព័ត៌មានក្នុងស្រុកមួយចំនួន នាពេលកន្លងមក ដែលបានធ្វើឲ្យអតិថិជនមួយ ចំនួនមានការបារម្មណ៍។
លោក ឡាយ សំណាង និងលោកស្រី សេង ដាលីន បានបញ្ជាក់ជូនអតិថិជនរបស់ខ្លួន ក៏ដូចជាការធានាអះអាង តាមផ្លូវច្បាប់ជូនអតិថិជន និងបានបញ្ជាក់ជូន និងច្រានចោលនូវព័ត៌មាន ដែលបានចុះផ្សាយបង្ខូចកេរ្តិ៍លោកស្រី លោក ឡាយ សំណាង ពិសេសលោក ស៉ីម តារា នោះថា ជាប្រភេទ «ព័ត៌មានខ្យល់» គ្មានប្រភពច្បាស់លាស់។
ក្នុងជំនួបជាមួយអតិថិជននេះ លោកស្រី សេង ដាលីន ក៏បានប្រកាស និងបញ្ជាក់ពីគោលការណ៍ នៃការផ្តល់ទំនុកចិត្តជូនអតិថិជន ក៏ដូចជាការបង្ហាញនូវ គម្រោងអភិវឌ្ឍន៍ដីឡូតិ៍ជាដំណាក់កាល ជាបន្តបន្ទាប់ទៅតាមភាពជាក់ស្តែង។ ជាមួយគ្នានេះលោកស្រីក៏បានប្រកាសនូវនីតិវិធី នៃការកាត់ប្លង់រឹងជូនអតិថិជន បន្ទាប់ពីពួកគាត់បានអនុវត្តចប់សព្វគ្រប់ តាមកិច្ចសន្យាទិញ-លក់ជាមួយក្រុមហ៊ុនជាដើម។
ក្រោយពីបញ្ចប់ការថ្លែងរបស់ម្ចាស់គម្រោង អមដោយវត្តមានតំណាងភូមិបាលខណ្ឌចូលរួមផងនោះ អថិថិជនដែលមានវត្តមានចូលរួមជាង១០០នាក់ បានអបអរសាទរ ជាមួយនឹងភាពសប្បាយរីករាយ ព្រមទាំងភាពកក់ក្តៅ និងទំនុកចិត្តលើក្រុមហ៊ុនលោកស្រី សេង ដាលីន និងលោក ឡាយ ហើយអតិថិជន ដែលមានវត្តមានទាំងនោះ ក៏បានបញ្ជាក់ជូនទៅម្ចាស់គម្រោងវិញថា មិនមានដីខ្យល់នោះទេ ព្រោះពួកគាត់បានចូលទៅកាន់កាប់ អាស្រ័យផលលើដីនោះរួចរាល់ហើយ។
ដូចគ្នានេះដែរអតិថិជន ដែលបានចូលរួមក៏បានបញ្ជាក់បន្ថែមថា ក្រោយចុះឈ្មោះទិញ គឺពួកគាត់បានទៅធ្វើរបង ចាក់សាប និងដាំដើមឈើ ជាបន្តបន្ទាប់រហូតមក គ្មានការរំខានពីភាគីណាមួយឡើយ។
អតិថិជន បានបញ្ជាក់យ៉ាងដូច្នេះថា «ជាដីពិត មិនមែនដីខ្យល់ទេ បើជាដីខ្យល់ពួកគាត់មិនអាចចូលទៅកាន់កាប់ប្រើប្រាស់ និងអាស្រ័យផលបាននោះឡើយ។ បើជាដីខ្យល់ ពួកគាត់ក៏មិនបន្តបង់លុយជូនក្រុមហ៊ុន រហូតមកដល់ពេលនេះដែរ។ នេះជាភាពជឿជាក់របស់អតិថិជន មកលើក្រុមហ៊ុន។ សូមឲ្យក្រុមហ៊ុនបន្តភាពជោគជ័យ ក្នុងការងារតរៀងទៅ»៕