(ភ្នំពេញ)៖ ក្រុមជនសង្ស័យចំនួន៣នាក់ ក្នុងនោះមានទាំងចោរជំនាញខាងលួចស្លាកលេខរថយន្ត មានទាំងអ្នកចាំទទួលទិញស្លាកលេខពីចោរ ត្រូវបានសមត្ថកិច្ចនគបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការនគបាលរាជធានីភ្នំពេញ បានបញ្ជូនខ្លួនទៅកាន់តុលាការ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨នេះ ដើម្បីចំណាត់តាមនីតិវិធី។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ មានឈ្មោះទី១-ឈ្មោះ លី អ៊ីឆែ ហៅឆែ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ រត់ម៉ូតូរឺម៉កកង់បី PassApp ស្នាក់នៅមិនពិតប្រាកដ ឃាត់ខ្លួនបាននៅចំណុចផ្លូវលេខ១០៥ កែងផ្លូវលេខ៣៦៨ សង្កាត់បឹងកេងកង៣ខណ្ឌចំការមន (ជាអ្នកជំនាញខាងដើរលួច ស្លាកលេខរថយន្ត,) ទី២-ឈ្មោះ ចាន់ ណាវុឌ្ឍ ហៅមី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ២G ផ្លូវលេខ២០០២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ឃាត់នៅចំណុចផ្ទះសំណាក់ខ្លឹមច័ន្ទ ផ្លូវលេខ៤១៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន (ជាអ្នកទទួលផលចោរកម្ម) ទី៣-ឈ្មោះ បូ វីរៈ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ សិស្សវិទ្យាល័យបាក់ទូក ស្នាក់នៅ ផ្ទះលេខ២០E០ ផ្លូវលេខ១៣៤ សង្កាត់វាលវង់ ខណ្ឌ៧មករា (ជាអ្នកទទួលផលចោរកម្ម) ឃាត់នៅចំណុច ផ្លូវលេខ៦៧ កែងផ្លូវឌឿងហែម សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ជនសង្ស័យឈ្មោះ លី អ៊ីឆែ ហៅឆែ ត្រូវសមត្ថកិច្ចចាប់ខ្លួនបាននៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ ពេលកំពុងធ្វើសកម្មភាពលួចដោះស្លាករថយន្ត។ ហើយក្រោយពីទទួលបានចម្លើយសារភាព របស់ចោរជំនាញរូបនេះ ទើបសមត្ថកិច្ចបានបន្តការស្រាវជ្រាវ រហូតឈានទៅចាប់បានអ្នកទទួលទិញរបស់ពីចោរចំនួន២នាក់បន្ថែមទៀត នៅថ្ងៃទី១៥ ខែកញ្ញា នឹងបានកសាងសំណុំរឿងបញ្ជូនមក តុលាការនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨នេះ ដើម្បីសម្រេចដាក់ទោសទណ្ឌ តាមកំណត់ច្បាប់៕