(ភ្នំពេញ)៖ តំណាងឲ្យលោក ជា ពិសី ប្រធានអនុគណៈកម្មាធិការកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ និងជាអភិបាលខណ្ឌ គឺលោកស្រី អាន ផល្លា និងលោកស្រី សួស សូលីដា ប្រធាន-អនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨នេះ បានយកអំណោយ មានជាថវិកា និងគ្រឿងឧបភោគបរិភោគរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីទៅឧបត្ថម្ភជូនប្រជាពលរដ្ឋក្រីក្រ មានជំងឺ និងចាស់ជរាចំនួន៧គ្រួសារ ស្ថិតនៅក្នុងសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ ក្នុងបំណងជួយទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃបានមួយចំនួន។
នាឱកាសនោះ ប្រជាពលរដ្ឋងាយរងគ្រោះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះកាកបាទក្រហមកម្ពុជា ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈលោកស្រី អាន ផល្លា និងលោកស្រី សួស សូលីដា ប្រធាន-អនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ តំណាងឲ្យលោក ជា ពិសី ប្រធានអនុគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ និងជាអភិបាលខណ្ឌ ដែលបានមកគិតគូរ និងជួយដល់ពួកគាត់កំពុងជួបបញ្ហាខ្វះខាត ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដោយគ្មានការរើសអើងពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
លោកស្រី អាន ផល្លា ក៏បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ មានទុក្ខលំបាក ជាជនងាយរងគ្រោះគ្រប់ប្រភេទ និងសូមឲ្យថែទាំសុខភាពឲ្យបានល្អ ដោយក្នុងនោះ ត្រូវរស់នៅស្អាត និងពិសារទឹកស្អាត ដើម្បីជៀសវាងបានរាល់គ្រោះថ្នាក់កើតឡើង ដោយយថាហេតុ ពីជំងឺដង្កាត់ផ្សេងៗ។
លោកស្រី អាន ផល្លា បានថ្លែងថា អំណោយអង្ករ ក៏ដូចជាថវិកា ដែលអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បាននាំយកមកឧបត្ថម្ភជូន ប្រជាពលរដ្ឋនាពេលនេះ អាចជួយដោះស្រាយ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ បានមួយគ្រា ដែលជាទឹកចិត្តសប្បុរសធម៌របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គឺដើម្បីឲ្យយកចិត្តទុកដាក់ខ្ពស់ លើប្រជាពលរដ្ឋក្រីក្រងាយរងគ្រោះ ដោយមិនឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ និងអត់បាយឡើយ ក្រោមអនុសាសន៍ដឹកនាំចង្អុលបង្ហាញពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕