(ស្ទឹងត្រែង)៖ មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី បានរៀបចំពិធីទទួលស្វាគមន៍គណៈប្រតិភូ នាយទាហានបំពេញទស្សនកិច្ច សម្រាកបំប៉នសុខភាពដឹកនាំដោយ លោកវរសេនីយ៍ឯក ជីង ក្វាងឌីង អនុប្រធានអង្គទ័ពលេខ២ ដែលអញ្ជើញមកសំណេះសំណាលនិងសួរសុខទុក្ខដល់អង្គភាពកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី បានប្រាប់ទៅប្រតិភូវៀតណាមថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦កន្លងទៅនេះ ទទួលបានជោគជ័យ ត្រឹមត្រូវ និងតម្លាភាព ហើយគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះយ៉ាងច្រើនលើសលុប ដែលអាចផ្ដល់ឱកាសឲ្យសម្ដេចតេជោ ហ៊ុន សែន បន្ដដឹកនាំរាជរដ្ឋាភិបាល។
លោកវរសេនីយ៍ឯក ជីង ក្វាងឌីង ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ដែលបានប្រព្រឹត្តិទៅយ៉ាងរលូនប្រកបដោយភាពត្រឹមត្រូវ និងយុត្ដិធម៌ ហើយគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះយ៉ាងលើសលុប។
បន្ថែមពីនេះ ប្រធានគណៈប្រតិភូ ក៏បានកោតសរសើរដល់កម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់និយាយជារួម និងនិយាយឡែក កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដែលបានចូលរួមចំណែកបំពេញភារកិច្ច ការពារដំណើរការបោះឆ្នោត បានយ៉ាងល្អប្រសើរជូនប្រជាពលរដ្ឋ ពិសេសការពាររាជរដ្ឋាភិបាលស្របច្បាប់។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី ក៏បានលើកឡើងថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានខិតខំប្រឹងប្រែងអភិវឌ្ឍន៍ប្រទេសទាំងពីបាតដៃទទេ រហូតមានការអភិវឌ្ឍដូចបច្ចុប្បន្ន ពិសេសក្នុងខេត្ដស្ទឹងត្រែងទាំងមូល បានកសាងស្ពានជាច្រើន រួមមាន ស្ពានសេកុង, ស្ពានមេកុង និងស្ពានស្រែពកជាដើម។
បើតាមលោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានណែនាំ និងរំលឹកជានិច្ចដល់មន្ដ្រីក្រោមឱវាទ ដើម្បីដឹកនាំបំពេញភារកិច្ចឲ្យបានត្រឹមត្រូវ ទៅតាមអ្វីដែលថ្នាក់ដឹកនាំប្រគល់ជូន៕