(បាត់ដំបង)៖ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨នេះ បានដឹកនាំសមត្ថកិច្ចចម្រុះ ក្នុងយុទ្ធនាការចុះពង្រឹងច្បាប់ចរាចរណ៍ នៅតាមគោលដៅរង្វង់មូលលោកតាដំបងគ្រញូង និងគោលដៅផ្សេងទៀត ក្នុងក្រុងបាត់ដំបង មុនពេលបុណ្យភ្ជុំបិណ្ឌខាងមុខ ដើម្បីក្រើនរំលឹកដល់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ក្នុងការធ្វើដំណើរកំសាន្ត ក្នុងពិធីបុណ្យជាតិខាងមុខនេះ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីមន្រ្តីជំនាញក្រសួងសាធារណៈការ និងដឹកជញ្ជូន សហការជាមួយមន្ទីរជំនាញ នគរបាលចរាចរណ៍ កងរាជអាវុធហត្ថ យុវជនកាកបាទក្រហមកម្ពុជាខេត្ត ជាច្រើននាក់ទៀត។
លោក ងួន រតនៈ បានឱ្យដឹងថា ជារៀងរាល់ឆ្នាំពិសេសមុនថ្ងៃបុណ្យជាតិធំៗ ដែលប្រជាពលរដ្ឋបានឈប់សម្រាកពីការងារ ជាក់ស្តែងបុណ្យភ្ជុំបិណ្ឌ នឹងខិតជិតចូលមកដល់ រដ្ឋបាលខេត្ត ដែលជាប្រធានគណៈកម្មាធិការសុវត្តិភាពចរាចរណ៍ផ្លូវគោកខេត្ត តែងបានសហការជាមួយមន្រ្តីជំនាញ ដែលរៀបចំឡើងដោយនាយកដ្ឋានសុវត្តិភាពចរាចរណ៍ផ្លូវគោក និងមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត កម្លាំងនគរបាលចរាចរណ៍ខេត្ត កម្លាំងកងរាជអាវុធហត្ថខេត្ត យុវជនកាកាបាទក្រហមខេត្តចុះផ្សព្វផ្សាយ និងពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោកជូនដល់ប្រជាពលរដ្ឋ ដែលបានធ្វើដំណើរ តាមដងផ្លូវ ដើម្បីក្រើនរំលឹកឱ្យមានការប្រុងប្រយ័ត្ន ក្នុងការធ្វើដំណើរតាមយាន្តជំនិះគ្រប់ប្រភេទ ត្រូវគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។
លោកអភិបាលខេត្តបានបញ្ជាក់ថា ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍អ្នកជិះម៉ូតូគ្រប់ប្រភេទ ត្រូវពាក់មួយកសុវត្តិភាពជាប់ជាប្រចាំទាំងអ្នកឌុប និងអ្នកជិះពីក្រោយ ហើយត្រូវគោរពផ្លាកសញ្ញាចរាចរណ៍ នៅតាមដងផ្លូវនានា តាមគោលដៅមិនត្រូវបើកក្នុងល្បឿនលឿនហួសកំណត់ឡើយ។ ចំណែកអ្នកបើកបររថយន្តបើកបរត្រូវពាក់ខ្សែក្រវ៉ាត់ឱ្យបានគ្រប់គ្នា ហើយបើកក្នុងល្បឿនតាមច្បាប់កំណត់ហាមបើជែងគ្នា ដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។
លោក ងួន រតនៈ បានបន្តថា នៅព្រឹកនេះមន្រ្តីជំនាញបានចុះរឹតបន្តឹងច្បាប់ចរាចរណ៍ដោយធ្វើការការអប់រំផ្សព្វផ្សាយច្បាប់ ផាកពិន័យនៅនឹងកន្លែង ហើយបានបំពាក់មួយសុវត្តិភាពជូនពួកគាត់ម្នាក់មួយ និងសៀវភៅច្បាប់ និងលិខិតណែនាំអំពីច្បាប់ចរាចរណ៍ផងដែរ។
ក្នុងឱកាសនោះដែរ ប្រជាពលរដ្ឋដែលត្រូវបានអប់រំនៅនឹងកន្លែងពិសេសសិស្សានុសិស្ស បានសំដែងនូវការអរគុណដល់ថ្នាក់ដឹកនាំខេត្ត និងមន្រ្តីជំនាញពាក់ព័ន្ធទាំងអស់ បានផ្តល់ឯកសារផ្សេងៗ ដែលពាក់ព័ន្ធច្បាប់ចរាចរណ៍ដល់ពួកគាត់ និងបានប្តេជ្ញាចិត្តថា យើងនាំគ្នាគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ការគោរពច្បាប់ចារចរណ៍ គឺផ្តើមចេញពីខ្លួនយើងជាមុន៕