(ភ្នំពេញ)៖ អនុប្រធានគណបក្សអំណាចខ្មែរ លោក ប៉ែន ស៊ាប នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨នេះ បានធ្វើលិខិតមួយជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដើម្បីឱ្យត្រួតពិនិត្យ និងធ្វើកោសល្យវិច្ច័យចំពោះលិខិតលាលែងពីបក្សរបស់លោកដែលត្រូវបាន លោក សួង សុភ័ណ្ឌ ដាក់ទៅក្រសួងមហាផ្ទៃ នាពេលកន្លងទៅ។
សម្រាប់លោក ប៉ែន ស៊ាប, លិខិតលាលែងរបស់លោកដែលលោក សួង សុភ័ណ្ឌ បានដាក់ទៅក្រសួងមហាផ្ទៃ កន្លងទៅគឺជាលិខិតក្លែងក្លាយ ដែលត្រូវបានគេបន្លំ ហត្ថលេខារបស់លោក។
លោក ប៉ែន ស៊ាប បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំមិនដែលធ្វើការលាលែងចេញពីតួនាទីណាមួយ ពីគណបក្សអំណាចខ្មែរ ដែលបង្កើតនិងដឹកនាំដោយ លោក សួន សេរីរដ្ឋា នោះទេ ព្រោះការចូលរួមធ្វើនយោបាយ គឺជាឆន្ទៈរបស់ខ្ញុំ ដើម្បីជួយប្រទេសជាតិ និងពលរដ្ឋជនរួមជាតិខ្មែរ ក្នុងនាមខ្ញុំជាកូនខ្មែរ»។
លោកបានបន្តថា តែថ្មីៗនេះ ស្រាប់តែលេចឃើញលិខិតរបស់ក្រសួងមហាផ្ទៃ ទទួលស្គាល់អនុប្រធាន គណបក្សអំណាចខ្មែរ២រូបថ្មី តាមសំណើរបស់លោក សួង សុភ័ណ្ឌ ក្រោមហេតុផលថា អនុប្រធានទាំង២រូប បានលាលែង ដែលការពិតខ្ញុំ ប៊ែន ស៊ាប ជាអនុប្រធានទី១ មិនដែលបានធ្វើលិខិតលាលែងណាមួយនោះទេ។
លោកបានបន្តថា ការសរសេររបាយការណ៍របស់ លោក សួង សុភ័ណ្ឌ ទៅក្រសួងមហាផ្ទៃអំពីសមាជ និងអំពីការលាលែងរបស់អនុប្រធានបក្ស គឺជាការកុហកក្រសួងមហាផ្ទៃ ក្លែងបន្លំឯកសារ និង ប្រើប្រាស់ឯកសារក្លែង ដើម្បីឡើងធ្វើជាប្រធានបក្ស និងបង្កើតបក្ខពួក បំបែកបំបាក់ផ្ទៃក្នុងគណបក្ស ខុសពីច្បាប់លក្ខន្តិកៈដើមរបស់ គណបក្សអំណាចខ្មែរ៕