(បន្ទាយមានជ័យ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨នេះថា ដោយសារតែបរិមាណទឹកភ្លៀងធ្លាក់ ក្នុងកម្រិត៦៧មីលីម៉ែត្រ ទៅ៧៤មីលីម៉ែត្រ ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើឲ្យទឹកក្នុងអាងអូរខៃដន កើនឡើងដលើកម្ពស់១៥ម៉ែត្រ ដែលជាកម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន។
ក្រសួងធនធានទឹក បានបញ្ជាក់នៅលើ Facebook ផ្លូវការផងដែរថា ដើម្បីបញ្ចៀសផលប៉ះពាល់ធ្ងន់ធ្ងរ ក្រុមការងារអន្តរាគមន៍ចម្រុះ ដែលមានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ក្រុមហ៊ុន អាន កូ និងអាជ្ញាធរក្រុង បានសម្រេចកាត់ផ្តាច់តួទំនប់ប្រវែង ៥ម៉ែត្រ ជម្រៅ៤ម៉ែត្រ ដើម្បីរំដោះធារទឹកមួយចំនួនចេញពីក្នុងអាង។
ជាលទ្ធផល មកដល់ព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨នេះ ទឹកក្នុងអាងអូរខៃដន បានស្រកចុះវិញហើយ មកនៅក្នុងកម្ពស់១៤,៨០ម៉ែត្រ។
សូមជម្រាបថា ក្រសួងធនធានទឹក និងឧតុនិយម ធ្លាប់បានចេញសេចក្ដីជូនដំណឹង ពីការព្យាករណ៍អាកាសធាតុ នៅប្រទេសកម្ពុជាដោយបញ្ជាក់ថា ភ្លៀងនឹងធ្លាក់រាយប៉ាយពីមធ្យមទៅច្រើន ក្នុងក្របខ័ណ្ឌទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ បណ្ដាលមកពីឥទ្ធិពលនៃព្យុះទី២២ ឈ្មោះ មង្ឃុត និងព្យុះទី២៣ ឈ្មោះ បារីចាត។
យោងតាមសេចក្ដីជូនដំណឹងបានឲ្យដឹងទៀតថា នៅតំបន់ខ្ពង់រាបភាគឦសាន ជាប់ព្រំដែនកម្ពុជា-ឡាវ និងតំបន់វាលទំនាប តាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម អាចនឹងមានភ្លៀងធ្លាក់ច្រើនជោគជាំ ដែលអាចបង្កជាទឹកជំនន់៕