(ភ្នំពេញ)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨នេះ បន្ដប្រកាសសន្យាថា ក្នុងរាជរដ្ឋាភិបាលអាណត្តិថ្មី នឹងខិតខំប្រឹងប្រែងទ្វេដង ក្នុងការផ្ដល់សេវាសាធារណៈដល់ប្រជាពលរដ្ឋ ឲ្យបានកាន់តែរហ័ស និងប្រសិទ្ធភាពខ្លាំងជាងមុន។
តាមរយៈទំព័រ Facebook ផ្លូវការសម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «នៅក្នុងអាណត្តិ នៃរាជរដ្ឋាភិបាលថ្មី (២០១៨-២០២៣) គឺយើងនឹងខិតខំប្រឹងប្រែងទ្វេដង ក្នុងការផ្តល់ជូននូវសេវាសាធារណៈដល់បងប្អូនប្រជាពលរដ្ឋ ឲ្យបានកាន់តែឆាប់រហ័ស និងមានប្រសិទ្ធភាពខ្លាំងជាងមុន។ អរគុណបងប្អូនដែលបានចូលរួមថែរក្សាសន្តិភាពសម្រាប់ប្រទេសជាតិយើង»។
ក្រៅពីការសន្យាសម្រាប់ប្រជាពលរដ្ឋ និងប្រទេសជាតិហើយនោះ សម្ដេចប្រមុខនៃរាជរដ្ឋាភិបាល ក៏បានថ្លែងអំណរគុណប្រជាពលរដ្ឋ និងកូនក្មួយទាំងក្នុង និងក្រៅប្រទេសដែលបានផ្ញើសារមកកាន់សម្ដេចក្នុង Facebook ដែលមានសារខ្លះជាសារជូនពរ និងសារខ្លះអំពីសុខទុក្ខផ្ទាល់របស់បងប្អូនកូនក្មួយ។
បើតាមការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ទំនាក់ទំនងជាប្រចាំរបស់បងប្អូន និងកូនក្មួយ គឺបានបង្ហាញច្បាស់ពីមនោសញ្ចេតនា និងការគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតដែលបានលើកទឹកចិត្តដល់សម្ដេច ហើយសម្ដេចអះអាងថា ពិតណាស់សេចក្តីសុខរបស់បងប្អូន គឺជាសុខទុក្ខផ្ទាល់របស់សម្ដេចដូចគ្នា។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «អរគុណបងប្អូនប្រជាពលរដ្ឋ និងកូនក្មួយទាំងក្នុង និងក្រៅប្រទេសដែលបានផ្ញើសារមកកាន់ខ្ញុំក្នុងហ្វេសប៊ុក ដែលមានសារខ្លះជាសារជូនពរ និងសារខ្លះអំពីសុខទុក្ខផ្ទាល់របស់បងប្អូនកូនក្មួយ។ ទំនាក់ទំនងជាប្រចាំរបស់បងប្អូន និងកូនក្មួយ គឺបានបង្ហាញច្បាស់ ពីមនោសញ្ចេតនា និងការគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតដែលបានលើកទឹកចិត្តដល់ខ្ញុំ។ ពិតណាស់ សេចក្តីសុខរបស់បងប្អូនគឺជាសុខទុក្ខផ្ទាល់របស់ខ្ញុំ»៕