(ភ្នំពេញ)៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិក កម្ពុជា (NOCC) បានប្រកាសថា ខណៈនេះ NOCC និងក្រុមគណៈកម្មការអន្ដរក្រសួងទទួលបន្ទុកសាងសង់ ពហុកីឡដ្ឋានជាតិមរតកតេជោ កំពុងសិក្សានូវគម្រោងរៀបចំដំណើរទស្សនកិច្ចប្រចាំខែដល់និស្សិត និងសាធារណជននានា បានចូលទស្សនានូវគម្រោងអភិវឌ្ឍន៍ដ៏អស្ចារ្យ នៃពហុកីឡដ្ឋានសម្រាប់ត្រៀមធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ នេះ។
ការថ្លែងបែបនេះ បានធ្វើឡើងពេលលោកដឹកនាំគណៈកម្មការអន្ដរក្រសួងចុះត្រួតពិនិត្យការដ្ឋានសាងសង់កីឡដ្ឋានធំ ឬ Main Stadium កាលពីថ្មីៗ ហើយលោកបានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលដ៏អស្ចារ្យមួយនេះ ទោះបីការសាងសង់ត្រូវប្រើពេលយូរទៀតក៏ដោយ។ ដើម្បីបំផុសដល់និស្សិត និងសាធារណជនបានជ្រាបថា ពេលនេះកម្ពុជាកំពុងមមាញឹកក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធកីឡាផ្សេងៗ សម្រាប់ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ លោកបានពិគ្រោះជាមួយប្រធានការដ្ឋានសាងសង់ ដើម្បីរៀបចំដំណើរទស្សនកិច្ចជារៀងរាល់ខែទៅទីនោះ។
ប៉ុន្ដែការសម្រេចបែបណា មិនទាន់ប្រកាសនោះទេ តែលោករដ្ឋមន្ដ្រី បានប្ដេជ្ញានឹងជំរុញឲ្យមានសកម្មភាពកាន់តែផុសផុសនៅពហុកីឡដ្ឋានជាតិមរតកតេជោ ទាំងសកម្មភាពកីឡា និងមហាជន ជាក់ស្ដែងដំណើរទស្សនកិច្ចកំពុងសិក្សពេលនេះ គឺលោកចង់ឲ្យនិស្សិត និងសាធារណជន បានស្វែងយល់ពីដំណើរការសាងសង់ ការអភិវឌ្ឍន៍ និងសមិទ្ធផលនានា ក្នុងពហុកីឡដ្ឋានស្ដង់ដារអន្ដរជាតិមួយនេះ ព្រោះវាគឺជាផ្នែកមួយដ៏សំខាន់ក្នុងការបំផុសចលនាអូឡាំពិក ការចូលរួមលេងកីឡា និងគាំទ្រវិស័យកីឡាជាតិកាន់តែច្រើន មុនស៊ីហ្គេម ឆ្នាំ២០២៣ចូលមកដល់។
សូមបញ្ជាក់ថា ពហុកីឡដ្ឋានជាតិមរតកតេជោ គឺបែងចែកការសាងសង់ជា ៣ដំណាក់កាល ក្នុងនោះដំណាក់កាលទី១ បានបញ្ចប់ការសាងសង់ និងសម្ពោធដាក់ឲ្យប្រើប្រាស់ហើយ នៅឡើយដំណាក់កាលទី២ ដែលកំពុងដំណើរការសាងសង់ គឺកីឡដ្ឋានធំ ដែលអាចផ្ទុយអ្នកទស្សនាបានប្រមាណ ៦០,០០០នាក់ និងមានច្រកជម្លៀសអ្នកគាំទ្រពេលមានអាសន្នក្នុងរយៈពេលតែ ៧នាទីប៉ុណ្ណោះ។ កីឡដ្ឋាននេះ មានតម្លៃប្រមាណ ១៥៧លានដុល្លារ ដែលត្រូវបានផ្តល់ហិរញ្ញប្បទានដោយជំនួយឥតសំណងពីរដ្ឋាភិបាលចិន ហើយគ្រោងបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០២០ បន្ទាប់មកទើបបន្ដការសាងសង់ដំណាក់កាលទី៣ នូវទីលានមួយចំនួនទៀត៕