(ភ្នំពេញ)៖ លោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ បានហៅក្រុមវិទ្យុអាស៊ីសេរី ជាភាសារខ្មែរ ថាជាវិទ្យុកំសាក និងគ្មានវិជ្ជាជីវៈ មិនហ៊ានផ្សាយលទ្ធផល នៃការស្ទង់មតិរបស់ខ្លួន ក្រោយរកឃើញថា ប្រជាពលរដ្ឋខ្មែរ រហូតដល់៩១ភាគរយ បានគាំទ្ររដ្ឋាភិបាលអាណត្តិទី៦ ដែលបន្ដដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨នេះ លោក សួន សេរីរដ្ឋា ដែលរិះគន់វិទ្យុបម្រើបរទេសជាន់ឈ្លើខ្មែរមួយនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «ទាក់ទងលទ្ធផលស្ទាប់ស្ទងមតិ ដែលវិទ្យុអាស៊ីសេរី បានធ្វើខ្លួនឯង រើរៀបសំណួរខ្លួនដើម្បីឲ្យពលរដ្ឋខ្មែរថាគាំទ្រ ឬមិនគាំទ្រ រដ្ឋាភិបាលអាណត្តិទី៦ របស់គណបក្សប្រជាជនកម្ពុជា។ តែវិទ្យុអាស៊ីសេរីកំសាក អវិជ្ជាជីវៈ មិនហ៊ានផ្សាយផ្សាយលទ្ធផលនៃការស្ទង់មតិរបស់ខ្លួន»។
អតីតប្រធានគណបក្សអំណាចខ្មែរ ដែលទើបចេញពីពន្ធនាគាររូបនេះក៏បានគូសបញ្ជាក់ថា កត្ដាទាំងអស់នេះហើយ នេះសបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ថា ក្រុមវិទ្យុអាស៊ីសេរី ជាភាសាខ្មែរ កំពុងធ្វើការប្រាសចាកពីគន្លង គោលការណ៍ដើមរបស់សភាសហរដ្ឋអាមេរិក ដែលបានបង្កើតកម្មវិធី វិទ្យុអាស៊ីសេរី និងវិទ្យុអឺរ៉ុបសេរី កាលពីឆ្នាំ១៩៩៧។
ក្រៅហៅវិទ្យុដែលតែងញុះញង់ប្រជាពលរដ្ឋខ្មែរថាកំសាកពេញៗមាត់ហើយនោះ លោក សួន សេរីរដ្ឋា ក៏បានអះអាងដោយមិនញញើតថា វិទ្យុអាស៊ីសេរី គ្មានវិជ្ជាជីវៈ មិនគោរពក្រមសីលធម៌ និងខ្វះការទទួលខុសត្រូវ ព្រោះនៅពេលលោកផ្ដល់បទសម្ភាសន៍វិទ្យុមួយនេះ កាត់ខ្លឹមសាររបស់លោកស្ដាប់គ្មានយល់នោះទេ។
លោកបានថ្លែងបែបនេះថា «ក្រុមវិទ្យុអាស៊ីសេរី ជាភាសាខ្មែរ គឺជាក្រុមសារព័ត៌មានគ្មានវិជ្ជាជីវៈ មិនគោរពក្រមសីលធម៌ និងខ្វះការទទួលខុសត្រូវ។ ក្នុងបទសំភាសន៍ជាមួយខ្ញុំ វិទ្យុអាស៊ីសេរីនេះ បានកាត់ចោលនូវខ្លឹមសារជាច្រើនដែលខ្ញុំ និយាយធ្វើឲ្យអ្នកស្តាប់ ស្តាប់មិនយល់»។
លោក សួន សេរីរដ្ឋា បានសង្កត់ធ្ងន់ចុងក្រោយថា វិទ្យុអាស៊ីសេរី ជាភាសាខ្មែរ កំពុងតែធ្វើការក្បត់វិជ្ជាជីវៈជាក្របខ័ណ្ឌអ្នកសារព័ត៌មានឯករាជ្យ អីចឹងហើយបានជាបុគ្គលិក អ្នកសារព័ត៌មាន ដែលប្រកាន់ជំហរឯករាជ្យ និងមានវិជ្ជាជីវៈ គឺមិនអាចធ្វើការជាមួយក្រុមអាស៊ីសេរី នេះបានយូរអង្វែងទេ។
សូមជម្រាបថា កាលពីប៉ុន្មានថ្ងៃមុននេះ វិទ្យុអាស៊ីសេរីបានរៀបចំនូវការស្ទង់មតិមួយនៅលើទំព័រ Facebook ផ្លូវការរបស់ខ្លួន ដោយផ្ដល់ជម្រើសជូនប្រជាពលរដ្ឋ ចំនួន២ដើម្បីបោះឆ្នោត ទី១៖គាំទ្រ រាជរដ្ឋាភិបាលអាណត្តិទី៦ និងទី២៖មិនគាំទ្រ រាជរដ្ឋាភិបាលអាណត្តិទី៦។ ក្រោយចប់រយៈពេល៧ថ្ងៃ នៃការស្ទង់មតិ អ្វីដែលធ្វើឲ្យវិទ្យុបរទេសមួយនេះមិននឹកស្មានដល់ គឺមានប្រជាពលរដ្ឋខ្មែររហូតដល់៩១ភាគរយ ដែលបានបោះឆ្នោតគាំទ្រ ខណៈអ្នកមិនគាំទ្រ មានត្រឹម៩ភាគរយ។
ប៉ុន្ដែបន្ទាប់ពីការស្ទង់មតិនេះ អ្វីដែលធ្វើឲ្យមហាជនយល់កាន់តែច្បាស់ពីសណ្ដាន់របស់វិទ្យុមួយនេះ គឺវិទ្យុនេះមិនហ៊ានផ្សាយលទ្ធផលនៃការស្ទង់មតិនោះទេ ព្រោះលទ្ធផលនេះ ហាក់ផ្ទុយស្រឡះពីការចង់របស់គេ និងបក្ខពួក ដែលកំពុងជ្រកកោនស្លាកបរទេស ព្យាយាមបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលកំពុងតែរីកចម្រើនជាបន្ដបន្ទាប់៕