(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨នេះ សភាស៊ើបសួរនៃសាលាឧទ្ធរណ៍បានសម្រេច ចំណាយសំណុំរឿងព្រហ្មទណ្ឌនៃសភាស៊ើបសួរចេញពីបញ្ជីក្តី ដោយសារមេធាវីការពារក្តីរបស់លោក កឹម សុខា បានសម្រេចដកពាក្យបណ្តឹង បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាអនុញ្ញាតឲ្យលោក កឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិ នៅក្រៅឃុំបណ្តោះអាសន្ន កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅ។
លោក ទូច ថារិទ្ធិ បានអះអាងបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា «នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ លោក យូ ប៊ុនណា ចៅក្រម សភាស៊ើបសួរនៃសាលាឧទ្ធរណ៍បានសម្រេច ចំណាយសំណុំរឿងព្រហ្មទណ្ឌនៃសភាស៊ើបសួរចេញពីបញ្ជីក្តី ដោយសារមេធាវីការពារក្តីរបស់លោក កឹម សុខា បានសម្រេចដកពាក្យបណ្តឹង របស់លោក ពាក់ព័ន្ធនឹងសំណុំរឿងស៊ើបសួរ លេខ ២៤៩ ចុះថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ របស់សាលាឧទ្ធរណ៍សុំនៅក្រៅឃុំ»។
លោក ទូច ថារិទ្ធិ បានបញ្ជាក់ទៀតថា ករណីនេះមិនមែនជាការលុបសំណុំរឿងរបស់លោក កឹម សុខា នោះឡើយ វាគ្រាន់តែជាការចំណាយចេញពីបញ្ជីក្តីតែប៉ុណ្ណោះសូមសាធារណជនជ្រាប។
សូមជំរាបថា កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ សាលាឧទ្ធរណ៍បានចេញដីកាឲ្យអគ្គនាយកដ្ឋានពន្ធនាគារ នាំខ្លួនលោក កឹម សុខា មកបើកសវនាការនៅបន្ទប់សវនាការទី៣ វេលាម៉ោង១៤៖០០នាទីរសៀល ដោយមានក្រុមប្រឹក្សាទី៣ មានសមាសភាព៖ លោក ឃុន លាងម៉េង ប្រធាន, លោក យូ ប៊ុនណា ចៅក្រមប្រឹក្សា, លោក សួស សំអាត ចៅក្រមប្រឹក្សា និងលោកស្រី ប៉េស រីណា ក្រឡាបញ្ជីសវនាការ៕