(ចិន)៖ ក្រុមហ៊ុន COFCO ដែលជាក្រុមហ៊ុនរដ្ឋរបស់ចិន បានសន្យាថា នឹងបង្កើនការទិញអង្ករពីកម្ពុជាឲ្យកាន់តែច្រើន។
ការសន្យានេះធ្វើឡើងក្នុងជំនួបប្រជុំរវាងសហព័ន្ធស្រូវអង្ករកម្ពុជា ដែលដឹកនាំដោយលោក សុខ ពុទ្ធិវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងថ្នាក់ដឹកនាំក្រុមហ៊ុន COFCO នៅទីក្រុងប៉េកាំង ប្រទេសចិន នាពេលថ្មីៗនេះ កម្មវិធីពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ានលើកទី១៥។
នៅក្នុងឱកាសនោះដែរក្រុមហ៊ុន COFCO បានបញ្ជាក់អំពីមូលហេតុមួយចំនួន នៃការថយចុះការបញ្ជាទិញអង្ករពីកម្ពុជា បណ្តាលមកពី៖
* គោលនយោបាយឧបត្ថម្ភទុនរបស់រដ្ឋាភិបាលចិនសម្រាប់ជួយដល់កសិករចិននិងការការពារមិនឱ្យតម្លៃស្រូវធ្លាក់ចុះត្រូវបានបញ្ចប់ ធ្វើអោយតំលៃអង្ករនៅប្រទេសចិនមានការធ្លាក់ចុះប្រមាណ ១០០$/១តោនបើធៀបនឹងឆ្នាំ២០១៧ ឯតំលៃអង្ករកម្ពុជាខ្ពស់ជាង។
* ទីផ្សារចិនចាប់ផ្តើមកាត់បន្ថយតម្រូវការនាំចូលអង្ករ ហើយអ្នកបរិភោគបានងាកទៅរកទិញអង្ករ ដែលមានតម្លៃទាប និងជាផលិតផលក្នុងស្រុក។
* កសិករចិននៅខេត្តចំនួន៥ បានងាកមកដាំដុះស្រូវច្រើនផងដែរ។
* ឥទ្ធិពលនៃការកើនឡើងនៃអត្រាប្តូរប្រាក់ពីដុល្លាទៅលុយយ៉េន។
* ការនាំចូលផលិតផលគ្រប់ប្រភេទទាំងអស់របស់ចិនបានថយចុះប្រមាណពី ៣០ ទៅ ៤០% នៅឆ្នាំ២០១៨ ហើយការនាំចូលអង្ករ Thai Homali ក៏ធ្លាក់ចុះប្រមាណ ៤០% និងការនាំចូលអង្ករពីកម្ពុជាក៏កាន់ថយចុះច្រើន។
* តំលៃអង្ករកម្ពុជា មិនមានភាពប្រកួតប្រជែង ពិសេសអង្ករស(តម្លៃខ្ពស់បើធៀបជាមួយប្រទេសមួយផ្សេងៗ)។
* ក្រុមហ៊ុននាំចេញនិងរោងម៉ាស៊ីនខ្លះ មិនហ៊ានស្តុកស្រូវអង្ករក្នុងបរិមាណច្រើន (អាចមកពីកង្វះទុនបង្វិល តំលៃស្រូវអង្ករមានការប្រែប្រួល) ដើម្បីកិនកែច្នៃផ្គត់ផ្គង់នាំចេញ ជាដើម។
ជាលទ្ធផលនៃជំនួបពិភាក្សានេះ បន្ទាប់ពីបានពិភាក្សាយ៉ាងផុសផុលរួចមក ខាងក្រុមហ៊ុន COFCO យល់ព្រមថា នឹងជួយបង្កើនកិច្ចសហប្រតិបត្តិការជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា ពិសេសសមាជិកក្រុមហ៊ុននាំចេញនិងរោងម៉ាស៊ីនទាំងអស់ដើម្បីបង្កើនការបញ្ជាទិញអង្ករពីកម្ពុជា និងគាំទ្រលើការផ្សព្វផ្សាយពីម៉ាកវិញ្ញាតកម្ម «ម្លិះអង្គរ» នៅលើទីផ្សារប្រទេសចិន ដោយនឹងធ្វើការជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា ដែលយើងរំពឹងថាម៉ាកនេះ នឹងកាន់បង្កើនទំនុកចិត្ត និងធានាគុណភាពអង្ករកម្ពុជានៅលើទីផ្សារអន្តរជាតិ៕