(កំពង់ចាម)៖ កម្លាំងសមត្ថកិច្ចខេត្តកំពង់ចាម នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨នេះ បានបន្ដប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅស្រុកកងមាស ដោយដកហូតវត្ថុតាង និងលែងកូនត្រីចម្រុះចូលទឹកវិញមួយចំនួនផងដែរ។
ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មាន អំពីបទល្មើសនេសាទខុសច្បាប់ លោកបានបញ្ជាអធិការនគរបាលស្រុកកងមាស សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកងតាណឹង សហគមន៍បឹងB៦ និងអាជ្ញាធរឃុំ ដឹកនាំដោយ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលកងតាណឹង ដោយមានការចង្អុលបង្ហាញពីលោក មឿន ផា អភិបាលស្រុកកងមាស បានចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់ នៅចំណុចជើងទំនប់បឹងកក់ ចំងាយពីផ្ទះប្រជាពលរដ្ឋ ប្រវែង២៥០០ម៉ែត្រ ស្ថិតក្នុងឃុំកងតាណឹង ស្រុកកងមាស។
បើតាមលោកឧត្តមសេនីយ៍ស្នងការ ជាលទ្ធផលកម្លាំងជំនាញដកហូតបាន លូស្បៃមុង ចំនួន៣៧មាត់, របាំងព្រួល ប្រវែង៣,៥០០ម៉ែត្រ, បង្គោល ចំនួន៣២០ដើម និងចាក់លែងកូនត្រីចម្រុះ ចូលបឹងធម្មជាតិចំនួន១០៥គីឡូក្រាម
។ ចំពោះសម្ភារវត្ថុតាង បានដុតបំផ្លាញចោលនៅចំណុចលើទំនប់បឹងកក់ ក្នុងភូមិកងតាណឹង ស្រុកកងមាស។
ជាមួយគ្នានេះ លោកស្នងការ ក៏បានបញ្ជាក់អំពីប្រតិបត្តិការបង្ក្រាបគ្រឿងញៀនមួយករណីផងដែរ នៅចំណុចភូមិសន្ទៃ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ដោយជំនាញខេត្ត សហការជាមួយជំនាញស្រុកស្រីសន្ធរ ធ្វើការស្រាវជ្រាវបើកកិច្ចប្រតិបត្តិការ បង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយប្រើវិធានញុះញង់។
ក្នុងប្រតិបត្តិការនោះ ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់៖
១៖ ឈ្មោះ ប៉ូច ម៉ាលីន អាយុ១៩ឆ្នាំ, ទី
២៖ ឈ្មោះ មិន ពីសី អាយុ៣៥ឆ្នាំ, ទី
៣៖ ឈ្មោះ ខាន រ័ត្នធា អាយុ៣១ឆ្នាំ និងទី៤៖ឈ្មោះ នុន វ៉ានណេត អាយុ៣២ឆ្នាំ ដកហូតបាន ម្សៅក្រាមពណ៌សសង្ស័យថ្នាំញៀន ចំនួន០៤កញ្ចប់តូច, ទូរស័ព្ទដៃ០៤គ្រឿង និងម៉ូតូ០៣គ្រឿង និងប្រាក់ញុះញង់ចំនួន៥០,០០០រៀល៕