(ភ្នំពេញ)៖ ក្រុមសមាជិកគណៈអចិន្រ្តៃយ៍ សមាជិកក្រុមប្រឹក្សាតំណាងខេត្ត រាជធានី នៃគណបក្សអំណាចខ្មែរ ពេលនេះ បានស្នើសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និរាករណ៍ ឯកសារ លិខិតស្នាម ក្លែងក្លាយរបស់ លោក សួង សុភ័ណ្ឌ និងបក្ខពួក ដែលបានដាក់ទៅក្រសួងមហាផ្ទៃ នាពេលកន្លងទៅ ដែលជាល្បិចគ្រប់គ្រងបក្សនេះទាំងមូល។
ក្នុងលិខិតស្នើទៅ សម្តេចក្រឡាហោម ស ខេង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨នេះ ក្រុមសមាជិកគណៈអចិន្រ្តៃយ៍ នៃគណបក្សអំណាចខ្មែរ បានអះអាងថា ពួកគេនៅតែទទួលស្គាល់ លោក សួន សេរីរដ្ឋា ជាប្រធានដឹកនាំស្របច្បាប់របស់ គណបក្សអំណាចខ្មែរដដែល។
ក្រុមសមាជិកអចិន្រ្តៃយ៍នៃគណបក្សសំខាន់មួយនេះ បានចាត់ទុកថា លោក សួង សុភ័ណ្ឌ បានភូតកុហករបស់ពួកគេ ដោយធ្វើលិខិតលាលែងក្លែងក្លាយ បន្លំហត្ថលេខាលោកសួន សេរីរដ្ឋា ដើម្បីធ្វើសមាជវិសមញ្ញ លួចប្លន់យកគណបក្សអំណាចខ្មែរទៅគ្រប់គ្រង។
ជាមួយនឹងការស្នើបែបនេះ ក្រុមសមាជិកអចិន្រ្តៃយ៍គណបក្សអំណាចខ្មែរ ក៏បានស្នើសម្តេចក្រឡាហោម ចាត់វិធានការចំពោះ លោក សួង សុភ័ណ្ឌ និងបក្ខពួក ទៅតាមផ្លូវច្បាប់ផងដែរ។
ក្រុមសមាជិកអចិន្រ្តៃយ៍គណបក្សគណបក្សអំណាចខ្មែរ ក៏បានរំពឹងថា ច្បាប់នឹងផ្តល់យុត្តិធម៌ជូន លោក សួន សេរីរដ្ឋា ហើយក្រសួងមហាផ្ទៃ នឹងទុកជាមោឃៈនូវឯកសារ លិខិតស្នាម ក្លែក្លាយរបស់ លោក សួង សុភ័ណ្ឌ និងបក្ខពួក៕
ខាងក្រោមនេះជាលិខិតរបស់ ក្រុមសមាជិកអចិន្រ្តៃយ៍គណបក្សអំណាចខ្មែរ៖