Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងគណៈបញ្ជាការឯកភាព សង្កាត់ចោមចៅ២ ចុះរដ្ឋបាលតំបន់ស្មុកស្មាញក្នុងមូលដ្ឋាន ឃាត់បានជនសង្ស័យម្នាក់ ប្រើប្រាស់គ្រឿងញៀន

17-09-2018 18:07

(ភ្នំពេញ)៖ កម្លាំងគណៈបញ្ជាការឯកភាព សង្កាត់ចោមចៅ២ ដឹកនាំដោយលោកចៅសង្កាត់ វ៉ា សារ៉ង និងលោកនាយរងប៉ុស្តិ៍សៅ សារិទ្ធ បានចុះធ្វើរដ្ឋបាល នៅក្នុងតំបន់ស្មុគស្មាញ ក្នុងភូមិសាស្រ្តរបស់ខ្លួន ក៏បានប្រទះឃើញបុរសម្នាក់ កំពុងប្រើប្រាប់គ្រឿងញៀន ហើយកន្លងមកតែងបានវាយប្រពន្ធញឹកញាប់ថែមទៀតផង ខណៈនោះក៏បានឃាត់ខ្លួនតែម្ដង។

ហេតុការណ៍នោះ បានកើតឡើង កាលពីវេលាម៉ោង០៣៖២៥នាទីរសៀល ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ នៅផ្ទះជួលក្នុងភូមិស្រែជម្រៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យ ខាងលើនោះ ឈ្មោះ ស្រ៊ុន វណ្ណដេត ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅកន្លែងកើតហេតុស្រុកកំណើត នៅភូមិស្រែព្រៃសណ្តែក សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ និងត្រូវបាននគរបាល នាំទៅសាកសួរនៅប៉ុស្តិ៍ ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់។

បើតាមសមត្ថកិច្ច បាននិយាយថា នៅមុនពេលកើតហេតុ កម្លាំងបានចុះទៅធ្វើរដ្ឋបាល ដើម្បីបំបែកសម្បុកក្រុម ជនសង្ស័យដែលជាមុខសញ្ញាប្រព្រឹត្តបទល្មើសផ្សេងៗ នៅក្នុងមូលដ្ឋាន។ លុះពេលទៅដល់ ក្នុងភូមិខាងលើ បានប្រទះឃើញជនសង្ស័យរូបនោះ កំពុងប្រើប្រាស់គ្រឿងញៀន ក៏បានឃាត់ខ្លួន ហើយប្រជាពលរដ្ឋ បានរៀបរាប់ថា ជននេះកន្លងមកតែងបានវាយ ធ្វើបាបប្រពន្ធជាញឹកញាប់ថែមទៀតផង៕