Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សភាពការណ៍ថ្មីនៃគ្រឿងញៀន២ប្រភេទ កំពុងហូរចូលច្រើនមកកម្ពុជាគួរឲ្យបារម្ភ, ក្នុង១ថ្ងៃជាមធ្យមមនុស្ស៤០នាក់ ត្រូវបានឃាត់ខ្លួន ដោយសារគ្រឿងញៀន (Video inside)

17-09-2018 18:00

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបង្ហាញពីក្ដីព្រួយបារម្ភ ចំពោះបញ្ហាគ្រឿងញៀនថ្មី២ប្រភេទ ដែលត្រូវបាននាំចូលក្នុងប្រទេសកម្ពុជា ខណៈសមត្ថកិច្ចកំពុងដុតដៃដុតជើង ស្វះស្វែងបង្ក្រាបឲ្យបានឆាប់រហ័សបំផុត ដើម្បីជៀសវាងការចែកចាយ និងប្រើប្រាស់ ដល់ប្រជាពលរដ្ឋ។

ថ្លែងឲ្យដឹងក្នុងកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» របស់ទូរទស្សន៍ Fresh News, នាយឧត្តមសេនីយ៍ មាស វីរិទ្ធ បានបញ្ជាក់ច្បាស់ៗថា ថ្មីៗនេះកម្ពុជាកំពុងតែប្រឈមនូវនិន្នាការគ្រឿងញៀនថ្មី២ប្រភេទគឺ ការនាំចូលស្លឹករុក្ខជាតិញៀនឈ្មោះ «ខាត» (KHAT) និងគ្រឿងញៀនមួយប្រភេទទៀត ឈ្មោះ «អិចស្ដាស៊ី» (Ecstasy)។

លោកបានបន្ដទៀតថា រុក្ខជាតិញៀនឈ្មោះ «ខាត» ជាប្រភេទគ្រឿងញៀននាំចូលពីប្រទេសអាហ្វ្រិក និងប្រទេសអេជូពី ចូលមកកម្ពុជា ដើម្បីឆ្លងកាត់ទៅសហរដ្ឋអាមេរិក និងប្រទេសកាណាដា។

លោកបានបញ្ជាក់ទៀតថា ការនាំចូលមកនេះ ត្រូវបានមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បង្ក្រាប និងទប់ស្កាត់ទាន់ពេលវេលា។ ទន្ទឹមនឹងការបង្ក្រាបនេះ មន្ទីរប្រឆាំងគ្រឿងញៀនស្រាវជ្រាវឃើញថា ក្រុមដឹកជញ្ជូនរុក្ខជាតិ ខាត បានលួចពង្រីកទីផ្សារនៃការប្រើប្រាស់ តាមរយៈការឲ្យប្រើសាកល្បង ដោយភូតកុហកថា ជាប្រភេទតែបំប៉នសុខភាព បែបធម្មជាតិ ដែលប្រើប្រាស់តាមបណ្ដាប្រទេសផ្សេងៗ រុក្ខជាតិនេះជាប្រភេទរុក្ខជាតិផ្ទុកសារធាតុញៀន។

លោកថ្លែងទៀតថា «ខ្ញុំសូមអរគុណដល់ក្រសួងមហាផ្ទៃ ពិសេសសម្ដេចក្រឡាហោម ស ខេង ដែលបានដាក់ចេញ និងណែនាំ សមត្ថកិច្ចទាំងអស់ខិតខំពិនិត្យ និងទប់ស្កាត់ ព្រមទាំងដាក់បញ្ជូលរុក្ខជាតិញៀន ខាត ចូលក្នុងតារាងឧបសម្ព័ន្ធនៃច្បាប់ ស្ដីពី ការត្រួតពិនិត្យគ្រឿងញៀន»។

លោកបញ្ជាក់ទៀតថា បញ្ហាប្រឈមមួយទៀតនោះគឺ ការលួចដឹកជញ្ជូនគ្រឿងញៀនប្រភេទ អិចស្ដាស៊ី (Ecstasy) ពីតំបន់អឺរ៉ុប​ជាច្រើនករណី ដែលថ្នាំញៀនប្រភេទនេះ ច្រើនប្រើប្រាស់ក្នុងក្លឹបកំសាន្ដ ប្រសិនបើមិនមានវិធានការ ក្នុងការទប់ស្កាត់ពីដំបូងទេ នឹងប្រឈមមុខទៅនឹងបញ្ហា ទីបំផុតយុវជនភាគច្រើននឹងក្លាយទៅជាអ្នករងគ្រោះ និងអ្នកញៀនគ្រឿងញៀន។

សូមជម្រាបថា ក្នុងមួយថ្ងៃៗជាមធ្យមមនុស្ស៤០នាក់ ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធការជួញដូរ និងប្រើប្រាស់គ្រឿងញៀន។ របាយការណ៍បង្ហាញថា ជាង៨ខែដំបូងឆ្នាំ២០១៨នេះ ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ សមត្ថកិច្ចបានបង្ក្រាបករណីគ្រឿងញៀន ៥,៤៩៩ករណី ដោយឃាត់មនុស្ស ១១,០១២នាក់ (ស្រី៩១៨នាក់) មានជនបរទេស២១៥នាក់ ដោយបានរឹបអូសសារធាតុញៀនជិត៥០០គីឡូក្រាម៕