(សេអ៊ូល, កូរ៉េ)៖ រដ្ឋមន្រ្តីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន នៃសាធារណរដ្ឋកូរ៉េ លោកស្រី Kim Hyun Mee បានថ្លែងថារដ្ឋាភិបាលកូរ៉េខាងត្បូង នឹងជួយដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានាឲ្យកាន់តែល្អប្រសើរ។

ការបង្ហាញពីឆន្ទៈគាំទ្រដល់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាពីសំណាក់រដ្ឋាភិបាលកូរ៉េខាងត្បូងនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងលោកស្រី Kim Hyun Mee និងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ នៅថ្ងៃទី១៧​ ខែកញ្ញា ឆ្នាំ២០១៨នេះ។

ក្នុងជំនួបនោះរដ្ឋមន្ត្រីដឹកជញ្ជូននៃប្រទេសទាំងពីរ បានពិភាក្សារកវិធីសាស្រ្តសហការទៅវិញទៅមកឲ្យកាន់តែប្រសើរឡើង ដើម្បីធ្វើឲ្យប្រសើរឡើងដល់ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាតាមរយៈបច្ចេកវិទ្យាហេដ្ឋារចនាសម្ព័ន្ធ។

លោកស្រីរដ្ឋមន្ត្រី Kim Hyun Mee បានជម្រាបជូនពីឆន្ទៈរបស់សាធារណរដ្ឋកូរ៉េក្នុងការជួយដល់រាជ រដ្ឋាភិបាលកម្ពុជាដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាប្រព័ន្ធ។ ការអភិវឌ្ឍនេះរួមបញ្ចូលទាំងបច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធជាតិ និងព័ត៌មានមូលដ្ឋាន ការគាំទ្របច្ចេកវិទ្យា កម្មវិធីស្រាវជ្រាវ និងផ្លាស់ប្តូរ Software ព្រមទាំងការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាអ៉ីនហ្វ្រានៅកម្ពុជាផងដែរ។

លោកទេសរដ្ឋមន្រ្តីបានកត់សម្គាល់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលកូរ៉េខាងត្បូងដែលបានផ្តល់ជំនួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនក្នុងរយៈពេលប្រាំចុងក្រោយ ដោយបានជួយធ្វើឱ្យប្រសើរឡើងដល់ឧបករណ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្ភារៈសុវត្ថិភាពចរាចរណ៍ ផ្លូវគោក និងវិធានការសុវត្ថិភាពលើផ្លូវជាតិរបស់កម្ពុជា ការសាងសង់ប្រព័ន្ធលូបង្ហូរទឹកកខ្វក់ ការធ្វើឲ្យ ប្រសើរឡើងរោងចក្រប្រព្រឹត្តកម្មសំណល់ទឹកកខ្វក់ និងទឹកស្ទឹងកម្ពុជា និងគម្រោងធ្វើឱ្យប្រសើរឡើង បណ្តាញផ្លូវថ្នល់ផ្សេងទៀត។

លោកទេសរដ្ឋមន្រ្តីបានជម្រាបជូនលោកស្រីរដ្ឋមន្រ្តីកូរ៉េខាងត្បូង អំពីគម្រោងនាពេលបច្ចុប្បន្ន និងនាពេលអនាគតពាក់ព័ន្ធនឹងអង្គការ KOICA ដែលក្នុងនោះរួមមាន៖ ការធ្វើឲ្យប្រសើរឡើងផ្លូវជាតិនានា រោងចក្រ ប្រព្រឹត្តកម្មទឹកកខ្វក់នៅខេត្តសៀមរាប និងក្រុងតាខ្មៅ ការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវនិងវិទ្យាស្ថានមន្ទីរ ពិសោធន៍ និងបណ្តុះបណ្តាល និងផែនការមេសម្រាប់ការអភិវឌ្ឍន៍កំពង់ផែ។

លោក ស៊ុន​ ចាន់ថុល បានស្នើឲ្យរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េផ្តល់ការគាំទ្រដល់គម្រោងទាំងនេះ។ ជាការឆ្លើយតបទៅនឹងសំណើរបស់លោករដ្ឋមន្រ្តី លោកស្រីរដ្ឋមន្ដ្រី បានសន្យានឹងយកសំណើទាំងនេះទៅជម្រាបជូនរដ្ឋាភិបាលកូរ៉េខាងត្បូង។

លោកទេសរដ្ឋមន្រ្តីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលកូរ៉េខាងត្បូងដែលបានផ្តល់ជំនួយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធយ៉ាងទូលំទូលាយ និងបានរង់ចាំសហការនាពេលអនាគតរវាងប្រទេសទាំងពីរ៕