(ភ្នំពេញ)៖ នៅទីបំផុតសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យចាប់ និងឃុំខ្លួនលោក គឹម សុខ ពាក់ព័ន្ធបទល្មើសចោទប្រកាន់ពីបទ៖ «ញុះញង់ឲ្យប្រព្រឹត្តបទល្មើស ជាអាទិ៍, បរិហាកេរ្តិ៍ជាសាធារណៈ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧» ដែលសំណុំរឿងនេះប្តឹងដោយរាជរដ្ឋាភិបាលកម្ពុជាទៅលើលោក គឹម សុខ។

លោក គី តិច មេធាវីតំណាងដោយអាណត្តិរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨នេះថា ករណីប្តឹងលោក គឹម សុខ កាលពីឆ្នាំ២០១៧នេះ ត្រូវបានចៅក្រមស៊ើបសួរសម្រេចចេញដីកានៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨នេះ បង្គាប់ឲ្យចាប់ និងឃុំខ្លួនលោក គឹម សុខ ដោយសារលោក គឹម សុខ បានគេចវេសមិនព្រមចូលបំភ្លឺនៅតុលាការ កាលពីថ្ងៃ១៤ ខែកញ្ញា ឆ្នាំ២០១៨ថ្មីៗនេះ»។

លោក គី តិច បានបញ្ជាក់ថា សំណុំរឿងនេះពាក់ព័ន្ធនឹងលោក គឹម សុខ បាននិយាយនៅក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយចោទប្រកាន់លើរាជរដ្ឋាភិបាលថា បានបង្កើតប្រព័ន្ធមួយសម្លាប់មនុស្ស រួចហើយរកមុខឃាតកមិនឃើញ។ ពាក្យបណ្តឹងនេះត្រូវបានដាក់ចូលទៅកាន់ សាលាដំបូងរាជធានីភ្នំពេញកាលពី ថ្ងៃទី១៦​ ខែកុម្ភៈ ឆ្នាំ២០១៧កន្លងទៅ ហើយនៅពេលនេះត្រូវបានចៅក្រមចេញដីកាបង្គាប់ឲ្យចាប់ និងឃុំខ្លួនតែម្តង។

កាលពីយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ លោក គឹម សុខ បាននិយាយក្នុងកិច្ចសម្ភាសន៍មួយនៅវិទ្យុអាស៊ីសេរី យ៉ាងដូច្នេះថា «គេនេះគឺសំដៅទៅលើប្រព័ន្ធ.... ប្រព័ន្ធមួយក្រោមការ គ្រប់គ្រង នៃរដ្ឋាភិបាលបច្ចុប្បន្នហ្នឹង វាបណ្តោយឲ្យមានប្រព័ន្ធមួយ ដែលមានការសម្លាប់មនុស្សហើយ រួចហើយរកមុខឃាតកមិនឃើញ មិនត្រឹមតែលោកបណ្ឌិត កែម ឡី ទេ អ្នកតស៊ូមតិមុនៗ....»

នៅក្នុងដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរ លាង សំណាត់ ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨នេះ បានសរសេរបញ្ជាក់ថា៖​ សម្រេចបញ្ជាដល់កម្លាំងសាធារណៈ ឲ្យស្រាវជ្រាវរកចាប់ និងឲ្យនាំខ្លួនឈ្មោះ គឹម សុខ ភេទប្រុស អាយុ៣៨ឆ្នាំ (កើតថ្ងៃទី១៣ ខែតុលា ឆ្នាំ១៩៨០) ទៅក្នុងមណ្ឌលអប់រំកែប្រែ នៃក្រសួងមហាផ្ទៃ និងបញ្ជាដល់ប្រធានមណ្ឌលអប់រំកែប្រែ នៃក្រសួងមហាផ្ទៃឲ្យទទួល និងឃុំខ្លួនបុគ្គលនោះ៕