(ភ្នំពេញ)៖ លោក កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨នេះ បានអនុញ្ញាតឱ្យក្រុមប្រតិភូយុវជននាវាអាស៊ីអាគ្នេយ៍កម្ពុជា ចូលជួបសម្ដែងការគួរសម មុននឹងចេញទៅចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុនលើកទី៤៥ ទៅតំបន់ផ្សេងៗមួយចំនួន នៅក្នុងប្រទេសជប៉ុន, ប្រទេសប្រ៊ុយណេ, ប្រទេសហ្វីលីពីន, ប្រទេសថៃ និងប្រទេសវៀតណាម។
ថ្លែងនៅក្នុងឱកាសនោះ កែវ រ៉េមី បានបានដាស់តឿនដល់ប្រតិភូយុវជននាវាអាស៊ីអាគ្នេយ៍កម្ពុជា ត្រូវចេះរក្សាសេចក្តីថ្លៃថ្នូរ ចេះយកចិត្តទុកដាក់គ្នាទៅវិញទៅមក រក្សាសាមគ្គីគ្នា ជាពិសេសមិនត្រូវនិយាយប្រទេសរបស់ខ្លួនប្រាប់ទៅអ្នកដទៃ ដែលជាហេតុធ្វើឱ្យបរទេសទាំងនោះមិនឱ្យតម្លៃមកលើថ្នាក់ដឹកនាំ និងជាតិសាសន៍របស់ខ្លួន។
លោក កែវ រ៉េមី ក៏ជំរុញឲ្យយុវជនកសាងទំនាក់ទំនងល្អជាមួយ យុវជនមកពីបណ្តាប្រទេស១០ផ្សេងទៀត រក្សាឲ្យបាននូវទំនាក់ទំនងផ្ទៃក្នុង សាមគី្គគ្នា ត្រូវចេះជួយយកអសារគ្នា ជួយគ្នាទៅវិញទៅមក និងរីកលូតលាស់ជាមួយគ្នា ដូចសុភាសិតខ្មែរពោលថា៖ «នៅផ្ទះម្តាយទីទៃ នៅព្រៃម្តាយតែមួយ» និងផ្សព្វផ្សាយ ពីសភាពការពិតរបស់កម្ពុជា៖ ដែលកំពុងមានសន្តិភាព ស្ថិរភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍពេញលេញ។
កម្មវិធីនេះមានរយៈពេល៥២ថ្ងៃ ដែលប្រតិភូយុវជនកម្ពុជា នឹងត្រូវចេញដំណើរការនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ និងត្រលប់មកដល់កម្ពុជាវិញ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨។ យុវជនអាស៊ាន និងជប៉ុនទាំងអស់៣៣០នាក់ នឹងត្រូវជួបគ្នាមុនដំបូង នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីចូលរួមកម្មវិធីបើកជាផ្លូវការ។
យុវជនទាំងអស់ នឹងត្រូវបែងចែងជាក្រុមដែលមានប្រទេសទាំង១១ ចូលរួមគ្នា ហើយធ្វើទស្សនកិច្ចទៅតំបន់ផ្សេងៗ នៅក្នុងប្រទេសជប៉ុន។ ពេលត្រលប់ពីទស្សនកិច្ច ប្រតិភូយុវជនទាំងអស់ នឹងត្រូវបន្ដដំណើរ តាមនាវា១គ្រឿង ដែលមានឈ្មោះថា Nippon Maru ដើម្បីទៅកាន់ប្រទេសចំនួន៤ទៀត គឺប្រទេសប្រ៊ុយណេ, ប្រទេសហ្វីលីពីន, ប្រទេសថៃ និងប្រទេសវៀតណាម។
សូមជម្រាបថា សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ត្រូវបានបង្កើតឡើងនៅក្នុងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០០៤ ដោយសមាជិក ដែលជាអតីតប្រតិភូយុវជនមួយចំនួន ក្រោមការជួយជ្រោមជ្រែងពីក្រសួងអប់រំ យុវជន និងកីឡា។ សមាជិកសរុបរួមទាំង ឆ្នាំ២០១៨នេះ មានចំនួន៥៦៩នាក់ និងសមាជិកទាំង១១ប្រទេស មានអាស៊ាន និងជប៉ុន សរុបចំនួន ១៣,៧០៣នាក់។ សមាគមនេះ បង្កើតឡើងក្នុងគោលបំណង៤ សំខាន់ៗរួមមាន៖
ទី១៖ ជាឆ័ត្រមួយដែល ថែរក្សា និងពង្រឹងទំនាក់ទំនងមិត្ដភាព សាមគ្គីភាពរវាងអតីតប្រតិភូទាំងអស់។
ទី២៖ រៀបចំវគ្គបណ្ដុះបណ្ដាលមុនពេលចេញដំណើរ ដើម្បីជាការចែករំលែក ចំណេះដឹង និងបទពិសោធន៍ គ្រប់ជ្រុងជ្រោយ ជូនប្រតិភូយុវជនជំនាន់ក្រោយឱ្យចូលរួមកម្មវិធីប្រកបដោយប្រសិទ្ធភាព និងជោគជ័យ។
ទី៣៖ ប្រមូលផ្ដុំកម្លាំង ធនធាន និងបំផុសទឹកចិត្តឱ្យយុវជន ឱ្យចេះផ្ដួចផ្ដើមគំនិតក្នុងការបង្កើត និងចូលរួមគម្រោងជួយសង្គម ឱ្យបានកាន់តែសកម្ម។
ទី៤៖ ចូលរួមសម្រេចឱ្យបាននូវគោលបំណង របស់កម្មវិធីនាវាយុវជនអាស៊ី អាគ្នេយ៍ និងជប៉ុន៕