(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានចេញសេចក្តីណែនាំ៩ចំណុច ស្តីពីការការពារសន្តិសុខ និងសុវត្ថិភាពភ្ញៀវទេសចរ ដែលមកទស្សនាកម្សាន្ត នៅប្រទេសកម្ពុជា។ នេះបើតាមសេចក្តីជូនដំណឹងក្រសួង ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅ រសៀលថ្ងៃទី១៧ ខែកញ្ញានេះ។
មូលហេតុនៃការចេញសេចក្តីជូនដំណឹងនេះ ដោយសារនៅក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០១៨នេះ ភ្ញៀវទេសចរអន្តរជាតិ ដែលមកទស្សនាក្នុងប្រទេសកម្ពុជា មានប្រមាណជាង៣លាននាក់ ដែលមានការកើនឡើង១៣ភាគរយ ប្រៀបធៀបនឹងរយៈ ពេលដូចគ្នា កាលពីឆ្នាំ២០១៧។ ក្នុងនោះ មានភ្ញៀវទេសចរចិន ច្រើនជាងគេ ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិ ដែលឈរនៅលំដាប់ ខ្ពស់ទាំង១០ប្រទេស។
ក្រសួងបានចាត់ទុកថា វិស័យទេសចរណ៍ គឺជាវិស័យមួយដ៏សំខាន់ ក្នុងការជំរុញសេដ្ឋកិច្ចសង្គម ដោយបាននាំមកនូវ ចំណូលជាតិ ផ្តល់ឱកាសការងារ និងរួមចំណែកកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព។ ជាក់ស្តែងកាលពីឆ្នាំ២០១៧ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួន ៥,៦លាននាក់ កើនឡើង១១,៨ភាគរយ និងទទួលបានចំណូលជូនជាតិ ៦០០លានដុល្លារអារមិក រួមចំណែកប្រមាណ១២ភាគរយ នៃផលិតផលក្នុងស្រុកសរុប និងបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ ដោយផ្ទាល់ជាង ៦៥ម៉ឺននាក់។
ដើម្បីបង្ការ និងធានាសន្តិសុខ និងសុវត្ថិភាពភ្ញៀវទេសចរ ជាពិសេសជនជាតិចិន ក្រសួងទេសចរណ៍ ធ្វើការណែនាំដល់គ្រប់មន្ទីរទេសចរណ៍ រាជធានី-ខេត្ត ឲ្យខិតខំយកចិត្តទុកដាក់ខ្ពស់ លើបញ្ហាសន្តិសុខ និងសុវត្ថិភាពភ្ញៀវទេសចរ ដែលមកកម្សាន្តនៅកម្ពុជា ចំនួន៩ចំណុចធំៗ។
ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹងខាងក្រោមនេះ៖