កម្លាំងនគរបាលអន្ដោប្រវេសន៍ បន្ដឃាត់ខ្លួនជនជាតិវៀតណាម៩នាក់ ដែលចូលមកស្នាក់នៅ និងធ្វើការដោយខុសច្បាប់ នៅខណ្ឌទួលគោក
17-09-2018 17:15
(ភ្នំពេញ)៖ ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨នេះ បានបន្ដឃាត់ខ្លួនជនជាតិវៀតណាម៩នាក់ ដែលបានចូលមកស្នាក់នៅ និងធ្វើការដោយខុសច្បាប់។
លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា ប្រតិបត្តិការនេះស្ថិតក្រោមការសម្របសម្រួលពី លោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងសហកាជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចុះត្រួតពិនិត្យគោលដៅ ហាងកាហ្វេ ស្ថិតតាមបណ្តោយផ្លូវលេខ៣៣៦ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។
បើតាមលោកឧត្តមសេនីយ៍ប្រធាននាយកដ្ឋាន ក្រោយប្រតិបត្តិការកម្លាំងជំនាញរកឃើញ ជនជាតិវៀតណាមចំនួន៩នាក់ ដែលលួចស្នាក់នៅដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន និងប្រើប្រាស់ឯកសារមិនត្រឹមត្រូវ។
ក្រោយប្រតិបត្តិការ ជនជាតិវៀតណាមទាំង០៩នាក់ខាងលើ ត្រូវបាននាំខ្លួនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារ និងសាកសួរតាមនីតិវិធីបន្ត៕