(សៀមរាប)៖ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨នេះ បានបន្តជួបសំណេះសំណាលជាមួយ លោកវេជ្ជបណ្ឌិត PETER STUDER ប្រធានថ្មី នៃមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា ជំនួសលោកវេជ្ជបណ្ឌិត Beat Richner។
លោកវេជ្ជបណ្ឌិត PETER STUDER ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរខេត្តសៀមរាប ដែលបានសម្របសម្រួល និងរៀបចំកន្លែងគោរពវិញ្ញាណក្ខន្ធ លោកវេជ្ជបណ្ឌិត Beat Richner។
លោកបានអះអាងថា មន្ទីរពេទ្យគន្ធបុប្ផា នៅតែបន្ដដំណើរការ ពោលនៅតែទទួលអ្នកជំងឺដូចសព្វមួយដង ដោយលោកក៏បានសន្យាដែរថា នឹងនៅតែបន្ដរកមូលនិធិដើម្បីគាំទ្រ និងទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា។
ជាមួយគ្នានេះ លោក ឃឹម ប៊ុនសុង បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនស្វីស ពិសេសសប្បុរសជាតិ-អន្ដរជាតិ ដែលបានជួយឧបត្ថម្ភគាំទ្រ ដល់មន្ទីរពេទ្យគន្ធបុប្ផាកន្លងមកដើម្បីជួយពិនិត្យ និងព្យាបាលដល់កុមារ និងស្ដ្រីមានផ្ទៃពោះនៅកម្ពុជា៕