Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចិនអនុញ្ញាតឱ្យមានសេវាផ្តល់វេជ្ជបញ្ជាតាមអនឡាញ សម្រាប់ទិញថ្នាំព្យាបាលជំងឺរ៉ាំរ៉ៃទូទៅ (Video inside)

17-09-2018 17:08

(ចិន)៖ គណៈកម្មការសុខាភិបាលជាតិ របស់ប្រទេសចិន នឹងអនុញ្ញាតឱ្យមានសេវាផ្តល់វេជ្ជបញ្ជាតាមអនឡាញ សម្រាប់ទិញថ្នាំជំងឺរ៉ាំរ៉ៃទូទៅមួយចំនួន ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង លើកកម្ពស់ឱ្យមានការចែកចាយព័ត៌មាន ឱ្យបានកាន់តែល្អប្រសើរ រវាងស្ថាប័នសុខាភិបាលនានា។ នេះបើយោងតាមសេចក្ដីប្រកាស ដែលបានចេញផ្សាយដោយគណៈកម្មការ។

ឥឡូវនេះ គ្រូពេទ្យអាចចេញវេជ្ជបញ្ជាថ្នាំ ដែលត្រឹមត្រូវសម្រាប់អ្នកជំងឺតាមអនឡាញបានហើយ ក្រោយពីបានពិនិត្យមើលឯកសារប្រវត្តិជំងឺរបស់អ្នកជំងឺដែលរក្សាទុកក្នុងប្រព័ន្ធអេឡិចត្រូនិច។ ឯអ្នកចេញថ្នាំវិញ ក៏នឹងត្រូវបានអនុញ្ញាតឱ្យ ចែកចាយថ្នាំពេទ្យ ក្រោយពីបានពិនិត្យមើលវេជ្ជបញ្ជារួចរាល់។

នៅក្នុងសារលិខិតនោះ ស្ថាប័នសុខាភិបាលនានា ត្រូវបានស្នើឱ្យប្រើឯកសារប្រវត្តិជំងឺ ដែលជាប្រភេទឯកសារអេឡិចត្រូនិច សម្រាប់ផ្តល់សេវាពិគ្រោះជំងឺ បើកថ្នាំ សេវាថែទាំនិងពិនិត្យសុខភាព ដើម្បីធ្វើឱ្យមន្ទីរព្យាបាលទាំងឡាយ អាចចែករំលែកព័ត៌មានអំពីប្រវត្តិជំងឺ បានកាន់តែទូលំទូលាយ។

មណ្ឌលឯកទេសថែទាំសុខភាព នៅពាសពេញប្រទេសចិន ក៏ត្រូវបានស្នើឱ្យចែករំលែកព័ត៌មានដែរ ទាក់ទិននឹងរោគវិនិច្ឆ័យនិងការព្យាបាលត្រឹមឆ្នាំ ២០២០។

ស្ថាប័នសុខាភិបាលទាំងឡាយត្រូវបានលើកទឹកចិត្ត ឱ្យផ្ដល់សេវាងាយស្រួល ដើម្បីជួយសម្រួលដល់ការណាត់ជួប ការទូទាត់ថ្លៃព្យាបាល និងការកាត់បន្ថយម៉ោងរង់ចាំរបស់អ្នកជំងឺ។

លើសពីនេះទៅទៀត សេចក្ដីប្រកាសក៏បានណែនាំឱ្យប្រើបច្ចេកវិទ្យា ប្រាជ្ញាសិប្បនិម្មិត អេ អាយ (AI) សម្រាប់ស្វែងរកនិងថតរោគជំងឺ និងការព្យាបាលតាមរយៈឱសថ ដើម្បីជួយបង្កើនប្រសិទ្ធភាពការងារផងដែរ៕