(ភ្នំពេញ)៖ កម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ បានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលបានប្រព្រឹត្តបទល្មើសលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបដៃពណ៌ខ្មៅ) នៅចំណុចមុខផ្ទះលេខ៨ ផ្លូវលេខ២៩៤ ភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១៣៖០០នាទី។
លោក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៅល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា កម្លាំងជំនាញរបស់ការិយាល័យ បានធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចផ្ទះសំណាក់យីហោ ទិត ហួរ ផ្លូវលំ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ការឃាត់ខ្លួននេះ សមត្ថកិច្ចបានដកហូតអាវុធខ្លី មួយដើមម៉ាក GLOCK19 ពណ៌ខ្មៅ លេខ AAMY860 ផលិតនៅប្រទេសអាមេរិកចំនួន និងបង់អាវុធខ្លីចំនួនមួយ មានគ្រាប់ចំនួន៤ ជារបស់ជនរងគ្រោះឈ្មោះ ម៉េង វិមានតារា ហើយសមត្ថកិច្ច បានឃាត់យកមកស្នងការនគបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ។
លោក ប៊ុន សត្យា បានបន្តទៀតថា ជនសង្ស័យមានឈ្មោះ ម៉ន សំនៀង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៦០E0Z ផ្លូវលេខ១២២ ក្រុម៧០ សង្កាត់មិត្តភាព ខណ្ឌ៧មករា។ ចំណែកឯជនរងគ្រោះមានឈ្មោះ ម៉េង វិមានតារា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរនគរបាល ស្នាក់នៅផ្ទះលេខ១៥៤ ផ្លូវបេតុង ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សម្ភារៈដែលបាត់បង់នោះ រួមមាន៖ អាវុធខ្លីម៉ាក GLOCK19 ពណ៌ខ្មៅ លេខAAMY860 ផលិតនៅប្រទេសអាមេរិកមួយដើម, បង់អាវុធខ្លីចំនួនមួយ, គ្រាប់ចំនួន១៥, ទូរសព្ទ័ដៃម៉ាក Samsung Galaxy S9 ពណ៌ខ្មៅ, បណ្ណសម្គាល់យានយន្ត ពាក់ស្លាកលេខ ភ្នំពេញ 2AC- 8798, បណ្ណបើកបរចំនួន១, អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរចំនួន១, កាត ATM ចំនួន៤សន្លឹក, ប្រាក់រៀលចំនួន ៤លានរៀល និងប្រាក់ដុល្លារ ២០ដុល្លារអាមេរិក។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវសមត្ថកិច្ចជំនាញការិយាល័យ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់៕