(ចិន)៖ សហគមន៍ប្រព័ន្ធផ្សព្វផ្សាយខ្សែក្រវ៉ាត់មួយផ្លូវមួយរបស់ចិន បានផ្តោតលើការងារផ្សព្វផ្សាយសហប្រតិបតិ្តការ ផ្នែកវប្បធម៌ទៅវិញទៅមករវាងបណ្តាប្រទេសទាំងឡាយ ដែលកំពុងចូលរួមក្នុងគំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់មួយផ្លូវមួយ ព្រមទាំងផ្សព្វផ្សាយអំពីឥទ្ធិពល នៃវប្បធម៌ចិនលើឆាកអន្តរជាតិ ចាប់តាំងពីពេលបង្កើតដំបូង កាលពី៣ឆ្នាំមុនមក។
ដោយបានចាប់ផ្តើមកាលពីឆ្នាំ២០១៦ ដោយសាជីវកម្មទូរទស្សន៍អន្តរជាតិចិន ជាមួយនឹងអង្គភាពសារព័ត៌មានអន្តរជាតិផ្សេងទៀត សហគមន៍ប្រព័ន្ធផ្សព្វផ្សាយខ្សែក្រវ៉ាត់មួយផ្លូវមួយ មានបំណងលើកស្ទួយដល់សហប្រតិបត្តិការ និងទំនាក់ទំនងរវាងស្ថាប័នទូរទស្សន៍ នៅតាមបណ្តាប្រទេសទាំងឡាយ ដែលជាគោលដៅសម្រាប់ជួយ ដល់ការអភិវឌ្ឍរបស់គំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់មួយផ្លូវមួយ។
សមាជិកថ្មីចំនួន៥ បានចូលរួមក្នុងសហគមន៍នេះ នៅអំឡុងកិច្ចប្រជុំកំពូលនាឆ្នាំនេះ នាទីក្រុង ស៊ីអាន រួមមានទាំងសហព័ន្ធប្រព័ន្ធផ្សព្វផ្សាយរដ្ឋអារ៉ាប់ ផងដែរ។ រហូតមកដល់បច្ចុប្បន្ន សហគមន៍នេះបានកៀងគរ អង្គភាពសារព័ត៌មានចំនួន១០៣ស្ថាប័ន មកពី៥១ប្រទេស ទូទាំងពិភពលោកមកហើយ។
នៅក្នុងកិច្ចប្រជុំកំពូលនេះ គេបានប្រកាសអំពីសមិទ្ធផលរាប់សិប ដែលកើតចេញពីការសហការគ្នារវាងសាជីវកម្មទូរទស្សន៍អន្តរជាតិចិន និងប្រទេសផ្សេងៗទៀត ជាស្នាដៃដែលផ្សព្វផ្សាយអំពីប្រធានបទចំរុះប្រភេទ ចាប់ពីសាច់រឿងអំពីជីវិតប្រជាជន រហូតដល់ការខិតខំរបស់ប្រទេសចិន លើការងារធ្វើកំណែទម្រង់។
អ្នកនាង ស៊ិន ជានីង នាយករង សាជីវកម្មទូរទស្សន៍អន្តរជាតិចិន និយាយថា «ស្របពេលដែលប្រព័ន្ធផ្សព្វផ្សាយ គ្រប់ទម្រង់សុទ្ធតែកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស នាពេលអនាគត សហគមន៍របស់យើងនឹងពង្រីក សហប្រតិបត្តិការទាំងលើផ្នែក បណ្តាញសារព័ត៌មានឌីជីថល និងច្រកផ្សេងៗទៀតនៃសារព័ត៌មានឌីជីថល។ តាមរយៈបណ្តាញសារព័ត៌មានឌីជីថល យើងអាចធ្វើឱ្យការសហការផលិតរបស់យើង កាន់តែមានបរិមាណច្រើន និងមានមាតិកាកាន់តែល្អៗ ហើយផ្សព្វផ្សាយវាទៅទូទាំងពិភពលោក បានយ៉ាងឆាប់រហ័ស»៕