(ភ្នំពេញ)៖ សហភាពសហព័ន្ធយុវជនកម្ពុជា បានទទួលការគាំទ្រពីក្រសួងអប់រំយុវន និងកីឡា រៀបចំកម្មវិធីអបអរសាទរ លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ អមជាមួយវេទិកាតម្រង់ទិសការសិក្សា ក្រោមអធិបតីភាពលោកប្រធាន ស.ស.យ.ក រាជធានីភ្នំពេញ លោករដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា លោកអភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ និងមានការចូលរួមពីសិស្សានុស្ស អាណាព្យាបាលសិស្ស លោកគ្រូ-អ្នកគ្រូ និងស្ថាប័នពាក់ព័ន្ធប្រមាណជាង៧០០នាក់ នាពេលថ្មីៗនេះ នៅអគារខេមរានី ទីស្នាក់ការស.ស.យ.ករាជធានីភ្នំពេញ។
ការរៀបចំពិធីអបអរសាទរ លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)នាថ្ងៃនេះ ក្រុមការងារ ស.ស.យ.ក រាជធានីភ្នំពេញ បានផ្តល់នូវរង្វាន់លើកទឹកចិត្ត ដល់សិស្សានុសិស្ស និងវិទ្យាល័យដែលបានជ័យលាភី ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិឆ្នាំ២០១៨។ ជាពិសេស ក៏មានការរៀបចំនូវវេទិកាតម្រង់ ទិសការសិក្សាដោយផ្តោតសំខាន់លើ ការតម្រង់ទិសសម្រាប់ការបន្តការសិក្សា នៅកម្រិតឧត្តមសិក្សា ការតម្រង់ទិសសម្រាប់ការសិក្សាជំនាញវិជ្ជាជីវៈ យន្តការទ្រទ្រង់សម្រាប់តម្រង់ទិសការសិក្សា ដោយមានវាគ្មិនសំខាន់ៗចូលរួមឧទ្ទេសនាម ដើម្បីចែករំលែងគំនិតយោបល់ ក៏ដូចជាបទពិសោធន៍ល្អៗ ជាមូលដ្ឋានក្នុងការសម្រេចចិត្តសម្រាប់ការបន្តការសិក្សា សំដៅឈានឆ្ពោះទៅការចាប់យកអាជីពការងារប្រកបដោយភាពជោគជ័យនាពេលខាងមុខ។
ក្នុងឱកាសនោះក្រុមការងារស.ស.យ.ករាជធានីភ្នំពេញ បានប្រកាសជា ផ្លូវការឲ្យប្រើប្រាស់កម្មវិធីទូរសព្ទឆ្លាតវៃ (Mobile App) និងគេហទំព័រវគ្គបំប៉នបាក់ឌុប (www.uyfcbacii.org) ដែលប្អូនៗអាចប្រើប្រាស់ ជាវេទិការួម (Common Platform) ក្នុងការចែករំលែកបទពិសោធន៍ ភាពជោគជ័យ និងពត៌មានផ្សេងៗទៀតពាក់ពន្ធ័នឹងការសិក្សាអប់រំ ក៏ដូចជាអាជីពការងារផងដែរ។
ព្រមជាមួយគ្នានេះដែរ ក៏មានការដាក់តាំងបង្ហាញស្តង់ពិព័រណ៍ ចំនួន៥២ស្តង់ក្នុងនោះមាន គ្រឹស្ថានឧត្តមសិក្សា និងសាលាវិជ្ជាជីវៈ ធនាគារ មីក្រូហិរញ្ញវត្ថុផ្តល់កម្ចីសិក្សា ក្រុមហ៊ុន និងសហគ្រាសដៃគូវគ្គបំប៉នបាក់ឌុប និងសមាគម អង្គការយុវជននានា។
គួររំឭកផងដែរថា នៅពេលមុនប្រឡងមធ្យមសិក្សាទុតិយភូមិនោះដែរ ដើម្បីជាការត្រៀមបំប៉នបន្ថែម ដល់សិស្សានុសិស្សត្រៀមប្រឡងបាក់ឌុប បានរៀបចំវគ្គបំប៉ន ដែលមានការចូលរួមពីលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្តចំនួន ៣៧៨នាក់ និងមានសិស្សចូលរៀនចំនួន ៧ ៣៦៦ នាក់។ វគ្គបំប៉ននេះ ត្រូវបានរៀបចំឡើង នៅតាមវិទ្យាល័យទាំង ៣៤ នៅទូទាំងរាជធានីភ្នំពេញ អស់រយៈពេល ៧សប្តាហ៍ ដោយផ្តោតលើមុខវិជ្ជាចំនួន ៥ រួមមាន គណិតវិទ្យា ភាសាខ្មែរ រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា ហើយមានការបង្រៀនសរុបចំនួន ៨ ២៦៨ម៉ោង៕