(បន្ទាយមានជ័យ​)៖​ លោក ម៉ែន សោភ័ណ អភិបាលក្រុងស្តីទី​តំណាងលោក សាន​ ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត​ និងមានការចូលរួមពីលោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែត លោក ឡាច ប៊ុនលីម លោក យ៉ាង គិមហ៊ុយ និងក្រុមការងារក្រុង-សង្កាត់- ភូមិ ជាច្រើនរូបទៀតនាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ បានចុះចែកអំណោយដល់ប្រជាពលរដ្ឋជួបការខ្វះខាតចំនួន៥៥គ្រួសារ នៅទួលសុវត្ថិភាព ភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ថ្លែងក្នុងឱកាសនោះលោក ម៉ែន សោភ័ណ បានណែនាំឱ្យប្រជាពលរដ្ឋ ត្រូវខិតខំរកទទួលទានបង្កបង្កើនផលបន្ថែមទៀត ដើម្បីលើកកម្ពស់កម្រិតជីវភាព ជៀសវាងការចូលរួមនូវចលនាផ្សេងៗទៀតដែលបង្កបញ្ហា និងភាពអសកម្មក្នុងមូលដ្ឋាន និងសង្គមជាតិ។ លោកបន្តថា​ រដ្ឋបាលក្រុង​ប៉ោយប៉ែត​តែងតែបានចូលរួមរំលែកទុក្ខលំបាក និងការខចខាតនេះ ហើយបានផ្តល់កម្លាំងចិត្តឱ្យបងប្អូនតស៊ូខិតខំងើប កសាងជីវភាពឡើងវិញ។

សូមបញ្ជាក់ថា អំណោយដែលផ្តល់ជូនប្រជាពលរដ្ឋទាំង៥៥គ្រួសារ រួមមាន៖ អង្ករ ២៥គីឡូក្រាម ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកសុទ្ធមួយមុខៗ ១យួរ មី ១កេះ និងថវិកា៤ម៉ឺនរៀល។ ក្នុងនោះអង្ករឧត្ថម្ភដោយលោក ឡាច ប៊ុនលីម ទឹកសុទ្ធ​ និងមី ឧបត្ថម្ភដោយលោក យ៉ាង គិម ហ៊ុយ ថវិកាឧបត្ថម្ភដោយលោក ម៉ែន សោភ័ណ និងលោកភោគ លន រួមជាមួយក្រុមការងារក្រុង -សង្កាត់៕