(ភ្នំពេញ)៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃ «មូលនិធិគន្ធបុប្ផាកម្ពុជា» នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨នេះ បានទទួលជួបតំណាងសមាគមសម្ព័ន្ធ ខែ្មរ-ចិន នៅកម្ពុជា ដែលដឹកនាំដោយលោកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមហ៊ុនវិនិយោគទុន អណិកជនកម្ពុជា (OCIC) និងជាប្រធានសមាគមសម្ព័ន្ធខែ្មរ-ចិន នៅកម្ពុជា និងសមាជិកតំណាងសមាគមសម្ព័ន្ធ ខែ្មរ-ចិន នៅកម្ពុជាជាច្រើនរូប។
តាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងការលើកទឹកចិត្តរបស់ លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃ «មូលនិធិគន្ធបុប្ផាកម្ពុជា» ក្នុងការបន្ត ជួយបំផុសចលនាផ្សព្វផ្សាយ និងលើកទឹកចិត្ត ក្នុងការផ្តល់វិភាគទានសប្បុរធម៌, លើកនេះ គឺជាលើកទី២ហើយ ដែលសមាគមសម្ព័ន្ធខ្មែរ-ចិន នៅកម្ពុជា បានប្រមូលវិភាគទានសប្បុរធម៌ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា សរុបចំនួនប្រមាណ ១៩៨,១៦៤.០៩ ដុល្លារសហរដ្ឋអាមេរិក ក្នុងនោះ មានប្រាក់រៀលចំនួន ៨៨,៧១៦,៥៤០ រៀល និងប្រាក់ដុល្លារអាមេរិក ចំនួន ១៧៥,៩៨៤.៩៦ ដុល្លារ។
វិភាគទានសប្បុរសធម៌នេះ បានមកពីសប្បុរសជន ដូចខាងក្រោម៖
* ក្រុមហ៊ុនសមាគម បុគ្គលិកក្រុមហ៊ុន កម្មកររោងចក្រ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស បរិច្ចាគសម្រាប់ ខែកក្កដា មានចំនួន១១,១៣៩នាក់ និងខែសីហា មានចំនួន៧,៨១៣នាក់ បានថវិកាចំនួន ៨៨,៧១៦,៥៤០រៀល និង ៣៩,០៧៦.៥០ ដុល្លារអាមេរិក។
* សមាគមមិត្តភាពសភាពាណិជ្ជកម្ម ហ្វូ ជាន នៅកម្ពុជា បានបរិច្ចាគថវិកាចំនួន ១៣៦,៩០៨.៤៦ ដុល្លារអាមេរិក។
ជាមួយគ្នានេះ លោកឧកញ៉ា ពុង ឃាវសែ តំណាងឲ្យសមាគមសម្ព័ន្ធខ្មែរ-ចិន នៅកម្ពុជា ក៏បានសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងសោកស្តាយជាទីបំផុត ចំពោះមរណភាពរបស់លោកវេជ្ជបណ្ឌិត សាស្រ្តាចារ្យ Beat Richner ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ នៅប្រទេសស្វីសផងដែរ។
ដោយឡែក, ជាមួយនឹងចលនាបំផុសផ្សព្វផ្សាយ និងលើកទឹកចិត្តដល់សមាជិក, កាលពីថ្ងៃទី0៤ ខែកក្កដា ឆ្នាំ២០១៨ សមាគមសម្ព័ន្ធខ្មែរ-ចិន នៅកម្ពុជា បានប្រមូលវិភាគទានសប្បុរជន ជូនមូលនិធិគន្ធបុប្ផាកម្ពុជា លើកទី ១ ចំនួនប្រមាណ៥៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក ក្នុងនោះប្រាក់រៀលចំនួន ២១៧,៤៩២,៨០០រៀល និងប្រាក់ដុល្លារអាមេរិក ចំនួន៥០២,១៨០ដុល្លារ។
ក្នុងនាមប្រធានក្រុមប្រឹក្សាបរធនបាល នៃមូលនិធិគន្ធបុប្ផាកម្ពុជា លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណជាថ្មីម្តងទៀត ដល់សមាគមសម្ព័ន្ធខ្មែរ-ចិន នៅកម្ពុជា ដែលគាំទ្រ និងបានជួយផ្សព្វផ្សាយ បំផុសចលនា ចូលរួមផ្តល់វិភាគទានសប្បុរធម៌ ដល់មូលនិធិគន្ធបុប្ផាកម្ពុជា និងបានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅផងដែរ ចំពោះការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងសោកស្តាយបំផុតចំពោះមរណភាព របស់លោកវេជ្ជបណ្ឌិតសាស្រ្តាចារ្យ Beat Richner ដែលលោកវេជ្ជបណ្ឌិតសាស្រ្តាចារ្យ បានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្តស្ទើរតែពេញមួយជីវិត ដើម្បីភាពញញឹមរបស់កុមារកម្ពុជា៕