(ភ្នំពេញ)៖ លោក ឈាង វុន ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា បានថ្លែងថា របបប្រជាធិបតេយ្យ សេរី ពហុបក្ស មិនមែនស្ថិតលើអ្នកមកអង្គុយកៅអីក្នុងរដ្ឋសភាទេ តែស្ថិតនៅលើឆន្ទៈរបស់ ប្រជាពលរដ្ឋ ដែលបានចេញមកបោះឆ្នោតដោយគ្មានការបង្ខិតបង្ខំ។
លោក ឈាង វុន បានថ្លែងបែបនេះនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ នៃរដ្ឋសភា ជាលើកដំបូងក្នុងអាណត្តិថ្មីរដ្ឋសភា ដែលបានធ្វើឡើងក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា។
មូលហេតុនៃការថ្លែងរបស់លោក ដោយសារមតិមួយចំនួនបានលើកឡើងថា ប្រទេសកម្ពុជា បង្កើតរាជរដ្ឋាភិបាលឯកបក្ស ដែលមិនស្របតាម របបប្រជាធិបតេយ្យ សេរីពហុបក្ស ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។ ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា បានបញ្ជាក់យ៉ាងដូច្នេះថា «តាមពិតរបបប្រជាធិបតេយ្យសេរីពហុបក្ស មិនមែនស្ថិតអ្នកមកអង្គុយលើកៅអីក្នុងរដ្ឋសភាទេ ស្ថិតនៅលើឆន្ទៈរបស់ប្រជាពលរដ្ឋ ចេញមកបោះឆ្នោត គាត់មានសិទ្ធិបោះឆ្នោតឲ្យគណបក្សណាក៏បានដែរ»។
លោកបន្តថា «បើកាលណាមានអ្នកឈរឈ្មោះបោះឆ្នោត មកពីគណបក្សច្រើន អាហ្នឹងពហុបក្សហើយ លើសពី២បក្សទៅ ពហុបក្សហើយ។ ហើយបើខ្ញុំមិនយល់ច្រឡំទេ កន្លងទៅនេះ ការបោះឆ្នោតនៅកម្ពុជា គឺមានរហូតដល់២០គណបក្សនោះ។ អញ្ចឹងហើយប្រជាពលរដ្ឋ លោកបានចេញមកបោះឆ្នោត ទៅតាមប្រជាធិបតេយ្យ ទៅតាមការបញ្ចេញឆន្ទៈរបស់លោក ដែលជ្រើសរើស»។
លោក ឈាង វុន បានបន្តទៀតថា ប្រជាពលរដ្ឋ បានជ្រើសរើសគណបក្សប្រជាជនទាំង១២៥រូប ហើយក៏បានជ្រើសរើសគណបក្សផ្សេងៗ ទៀតដែរ ប៉ុន្តែចំនួនសន្លឹកឆ្នោត មិនគ្រប់គ្រាន់ អាចបង្កើតទៅជាអាសនៈ សមាជិកសភាមួយបាន។ លោកបានចាត់ទុកថា អ្នកដែលនិយាយថា រាជរដ្ឋាភិបាលកម្ពុជា មិនស្របតាមប្រជាធិបតេយ្យ គឺជាភាសារបស់ អ្នកសក្តិភូមិ។
លោកបញ្ជាក់ថា «បើយើងសួរថា បើប្រជាពលរដ្ឋ លោកសម្រចជ្រើសរើសគណបក្សប្រជាជន តើលោកមានទោសទេ? លោកអត់មានទោសទេ លោកបានអនុវត្តឆន្ទៈរបស់លោក បើលោកមានទោស គេថាយើងទៅចាប់បង្ខំលោក ឲ្យជ្រើសរើសអ្នកនោះ ជ្រើសរើសអ្នកនោះហើយ។ អាហ្នឹងភាសារបស់សក្តិភូមិទេ។ ភាសាមនុស្សប្រជាធិបតេយ្យ មិនមែនអញ្ចឹងទេ»។
បើតាមប្រធានគណៈកម្មការទី៥ បានសង្កត់ធ្ងន់ៗថា ប្រជាពលរដ្ឋខ្មែរ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា គឺជាសិទ្ធិរបស់ពួកគាត់។ លោក ឈាង វុន បានដាក់សំណួរថា បើមិនឲ្យប្រជាពលរដ្ឋធ្វើតាមឆន្ទៈខ្លួន មានតែធ្វើតាមអ្នកបម្រើបរទេស ឬយ៉ាងណា?
លោកថ្លែងថា «សូមបញ្ជាក់ អ្នកដែលមានអណ្តាតអាក្រក់ គាត់ចេះតែលើកហេតុផលនេះ លើកហេតុផលនោះ។ គាត់លើកទាំងមិនគិតថា ប្រជាពលរដ្ឋ ៨៣ភាគរយចេញទៅបោះឆ្នោត ដោយគ្មានការបង្ខិតបង្ខំ ហើយបោះឆ្នោតឲ្យគណបក្សប្រជាជន នេះគឺជាសិទ្ធិរបស់ប្រជាពលរដ្ឋ។ ម៉េចក៏ចង់បង្ខំប្រជាពលរដ្ឋ ឲ្យជ្រើសរើសផ្សេងក្រៅពីនេះ ដើម្បីបំពេញចិត្តអ្នកនៅខាងក្រៅ? បរទេស? អ្នកបម្រើបរទេស? ទៅមិនរួចទេ។ នេះជាឆន្ទៈពលរដ្ឋ។ ប្រជាពលរដ្ឋលោកម្ចាស់ការ ក្នុងការជ្រើសរើស អ្នកដឹកនាំរបស់គាត់»៕
លោក ឈាង វុន ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា