(កំពង់ស្ពឺ)៖ ករណីយោធិនពិការចំនួន៥នាក់ នៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដែលបានប្តឹងចោទប្រកាន់អធិការនគរបាលស្រុកលោក ហ៊ុន សុខហន ថា បានស៊ីដាច់លុយរបស់តំណាងរាស្រ្ត ហ៊ុន ម៉ានី នោះត្រូវបានដោះស្រាយបញ្ចប់ នៅចុងសប្តាហ៍នេះ ក្រោមវត្តមានអភិបាលស្តីទីស្រុកថ្ពង និងមានការចូលរួមពីលោកអធិការ ព្រមទាំងយោធិនពិការទាំង៥រូបផងដែរ។
ក្រោយការសួរនាំនៅក្នុងកិច្ចរកដំណោះស្រាយនោះ ជាលទ្ធផល តាមពិតទៅជនពិការទាំង៥រូប មិនបានប្តឹងលោកអធិការស្រុក ទៅកាន់ស្ថាប័នទាំង៣រួមមាន៖ រដ្ឋសភា, រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងអង្គភាពប្រឆាំងអំពើពុករលួយនោះទេ គឺករណីនេះផ្តើមឡើងដោយអធិការរងម្នាក់ នាយនគរបាលប៉ុស្តិ៍ម្នាក់ និងមន្រ្តីនគរបាល២នាក់ទៀត នៅស្នងការដ្ឋាននគរបាលខេត្ត បានរៀបចំ និងបោកបញ្ឆោតឲ្យជនពិការទាំង៥នេះ ផ្តិតមេដៃលើក្រដាសពាក្យបណ្តឹង។
ប្រជាពលរដ្ឋដែលជាយោធិនពិការ៥នាក់ បានអះអាងជាមួយអាជ្ញាធរ និងសមត្ថកិច្ចស្រុកថា ពួកគាត់ទាំង៥នាក់ ពុំបានប្តឹងលោក ហ៊ុន សុខហុន ទៅទៅក្រសួងមហាផ្ទៃ រដ្ឋសភា និងអង្គភាពប្រឆាំងអំពើ ពុករលួយ (ACU) នោះទេ គឺជាការរៀបចំរបស់ឈ្មោះ ឡុង សារឿន នាយរងផ្នែកព្រហ្មទណ្ឌស្រុក និងឈ្មោះ ជា តុន អធិការរងនគរបាលស្រុក ដោយបានហៅពួកគាត់ ខណៈកំពុងដកស្ទូងនៅក្នុងស្រែ ឲ្យឡើងមកផ្តិតមេដៃ ដើម្បីយកលុយប្រាំម៉ឺនរៀល។
យោធិនពិការទាំងនោះមានទី១៖ ឈ្មោះ ទ្រឿង ហ៊ីម ហៅ អាង , ទី២៖ ឈ្មោះ ម៉ី យ៉េង ហៅ កែល, ទី៣៖ ឈ្មោះ ធុង ម៉ៅ ភេទស្រី ជាប្រពន្ធរបស់ ឈ្មោះ អៀម លីម ជាមន្ត្រីនគរបាលចូលនិវត្ត (បានស្លាប់), ទី៤៖ ឈ្មោះ ឃុត រឿន ហៅបូ និងទី៥៖ ឈ្មោះ អន អុល។
ពួកគាត់បានលើកឡើងដូចៗគ្នាថា កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ ឈ្មោះ ឡុង សារឿន ហៅទុំ អាយុ៤៦ឆ្នាំ បានឲ្យពួកគាត់ផ្តិតមេដៃថា មិនបានទទួលប្រាក់ចំនួនប្រាំម៉ឺនរៀងដែលលោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ បានអញ្ជើញមកសួរសុខទុកបងប្អូន ដែលជាយោធិនពិការ និងបានចែកអំណោយជាប្រាក់ក្នុងមួយគ្រួសារ៥ម៉ឺនរៀលនោះទេ។
ពួកគាត់បានបន្តថាលុះ មកដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ បានឃើញឈ្មោះ ឡុង សារឿន និងឈ្មោះ ជា តុន និងនគរបាលខេត្ត២នាក់ទៀត បានហៅពួកគាត់ ពេលដែលកំពុងដកស្ទូង នៅក្នុងស្រែឲ្យឡើងមកផ្តិតមេដៃម្តងទៀតថា ផ្តិតមេដៃដើម្បីយកលុយ៥ម៉ឺនរៀល ប៉ុន្តែពេលផ្តិតមេដៃនោះ នគរបាលទាំង៤នាក់ នោះមិនបានអានខ្លឹមសារក្នុងក្រដាសនោះឲ្យពួកគាតស្តាប់ឡើយ ដោយពួកគាត់មិនចាប់អារម្មណ៍រឿងប្តឹងផ្តល់អ្នកណាទេ។
លុះក្រោយមកក៏ស្រាប់តែមានសារព័ត៌មានជាច្រើន បានផ្សព្វផ្សាយថា ពួកគាត់ទាំង៥នាក់ ប្តឹងលោកអធិការ ហ៊ុន សុខហុន ដាក់ទៅក្រសួងមហាផ្ទៃ រដ្ឋសភា និង ACU ថា លោកប្រព្រឹត្តអំពើពុយរលួយ ស៊ីដាច់លុយរបស់ពួកគាត់ ក្នុងម្នាក់ៗប្រាំម៉ឺនរៀលទៅវិញ។ ពេលលឺដូច្នេះ ពួកគាត់សម្តែងការហួសចិត្តចំពោះមន្ត្រីទាំង៤នាក់នោះ មកបន្លំមេដាយពួកគាត់ទៅប្តឹងលោកអធិការស្រុកទៅវិញ ពួកគាត់ សុំបដិសេធ។
ជាមួយគ្នានេះ ពួកគាត់ក៏បានស្នើសុំ និងបដិសេធចោលនូវលិខិតដែលប្តឹងលោកអធិការ ហ៊ុន សុខហុន ទៅក្រសួងមហាផ្ទៃ រដ្ឋសភា និង ACU ព្រោះថា ការប្តឹងផ្តល់លោកអធិការស្រុក ទៅថ្នាក់លើទាំងបី អង្គភាពនោះ ជាការរៀបចំរបស់ឈ្មោះ ឡុង សារឿន ជានាយរងផ្នែកព្រហ្មទណ្ឌ និងលោក ជា តុន អធិការរងនគរបាលស្រុកថ្ពង និងពីរនាក់ទៀតជានគរបាលខេត្ត ដើម្បីធ្វើបាបលោកអធិការ ហ៊ុន សុខ ហុន តែប៉ុណ្ណោះ។
លោក ហ៊ុន សុខហុន អធិការនគរបាលស្រុកថ្ពង ក៏បានឲ្យដឹងថា លោកមិនបានប្រពឹត្តដូចការចោទប្រកាន់នោះទេ។ លោកថា រឿងនេះជារឿងមូលបង្កាច់លោកទាំងស្រុងពីសំណាក់បុគ្គលចំនួនពីរនាក់ គឺ ជា តុន មុខងារអធិការងផ្នែកព្រហ្មទណ្ឌ និងឈ្មោះ ឡុង សារឿន ជានាយរងផ្នែកព្រហ្មទណ្ឌ ស្រុកថ្ពង ដោយសារពួកគារមានគំនិតមិនល្អ ចង់ធ្វើបាបលោក ចង់បង្ខូចកិត្តិយសរបស់លោក ដោយចង់បាន តំណែងជាអធិការស្រុកប៉ុណ្ណោះ។
លោកបន្តថា លោក ជា តុន ត្រូវបានលោក សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ ប្តូរមុខតំណែងពីរអធិការរងព្រហ្មទណ្ឌ មកអធិការរងអន្តោប្រវេសន៍វិញ កាលពីអំឡុងដើមឆ្នាំ២០១៨ ហើយក៏កើតជាមានកំហឹងចំពោះលោក។ លោកអធិការបន្តថា កាលពីនៅជាអធិការងផ្នែកព្រហ្មទណ្ឌ ជា តុន បានយកតួនាទីទៅទារលុយ ដាក់ខែកន្លែងជល់មាន់ រួចទៅចាប់គេ បែជាមកចោទ ថាលោកជាអ្នកធ្វើទៅវិញ និងមានរឿងជាច្រើនទៀត។
លោក លន់ ចិន្តា អភិបាលស្រុកស្តីទី បានឱ្យដឹងថា ក្រោយពីមានការផ្សព្វផ្សាយ លោកបានអញ្ជើញបងប្អូនប្រជាពលរដ្ឋទាំងប្រាំគ្រួសារ មកសាកសួរនៅសាលាស្រុកថ្ពងតទល់គ្នា ដើម្បីបញ្ជាក់ការពិត កុំឲ្យមានការភាន់ច្រឡំ ដោយពួកគាត់ទាំង៥នាក់ បញ្ជាក់ថា ពួកគាត់មិនបានផ្តិតមេដៃប្តឹងលោក ហ៊ុន សុខហុន នោះទេ។ ជុំវិញករណីនេះ លោកនឹងធ្វើរបាយការណ៍ផ្ញើទៅថ្នាក់ខេត្ត ដើម្បីបើកការស្រាវជ្រាវវែកមុខជនខិលខូច ដែលបន្លំស្នាមមេដៃរបស់ប្រជាពលរដ្ឋ។
យ៉ាងណាក៏ដោយ អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨នេះ មិនទាន់អាចសុំការបំភ្លឺពីលោកអធិការរង និងមេប៉ុស្តិ៍បាននៅឡើយទេ ចំពោះការលើកឡើងរបស់លោកអធិការ និងយោធិនពិការទាំង៥គ្រួសារ៕