(ភ្នំពេញ)៖ លោក នង ពិសិដ្ឋ អនុប្រធានលេខាធិការដ្ឋាន មូលនិធិគន្ធបុប្ផាកម្ពុជា តំណាងឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមប្រឹក្សាបរធនបាល មូលនិធិគន្ធបុប្ផាកម្ពុជា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨នេះ បានទទួលថវិកាពី ក្រុមហ៊ុនដីឡូតិ៍ មហាព្រហ្ម០៤ និងសហការីទីផ្សារលក់ក្រុមហ៊ុន​កប់ស្រូវ លែន អេន ហូម ចំនួន៥៤លាន៦សែនរៀល ក្រោមការដឹកនាំដោយផ្ទាល់ពី លោកឧកញ៉ា លឹម ប៊ុនសេង ដែលជាតំណាងក្រុមហ៊ុន ។

លោក នង ពិសិដ្ឋ លោកថ្លែងថា «សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសធម៌ របស់ក្រុមហ៊ុនដីឡូតិ៍ មហាព្រហ្ម០៤ និងសហការីទីផ្សារលក់ ក្រុមហ៊ុន​កប់ស្រូវ លែន អេន ហូម ដែលបានលះបង់ថវិកាផ្ទាល់ខ្លួន ជួយដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីជួយដល់មន្ទីរពេទ្យនេះ ឲ្យនៅដំណើរការបានជានិរន្ដ ។នេះគឺជាការចូលរួមយ៉ាងសកម្ម ក្នុងការគាំទ្រគោលនយោបាយទ្រទ្រង់ និងធានាចិរភាពនៃប្រតិបត្តិការរបស់មន្ទីរពេទ្យគន្ធបុប្ជា តាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាស្ថាបនិក និងជាប្រធានកិត្តិយស»។

លោកថ្លែងបញ្ជាក់ទៀថា កន្លងមក គឺមានលោកសាស្ដ្រចារ្យ Beat Richner ដែលជាវីរៈបុរសជួយកុមារកម្ពុជា ដែលលោកបានកៀរគរមូលនិធិទាំងក្នុង និងក្រៅប្រទេស យកមកជួយមន្ទីរពេទ្យនេះ ដើម្បីទ្រទ្រង់ និងជួយដល់កុមារកម្ពុជា ប៉ុន្ដែលោកបានទទួលមរណៈភាពហើយ ដូច្នេះមានតែយើងជាខ្មែរជួយខ្មែរដូចគ្នា ។ដូច្នេះ ខ្ញុំសូមអំពាវនាវដល់សប្បុរសធម៌ទាំងអស់ ដែលមានលទ្ធភាពតិចក្ដីច្រើនក្ដី ឲ្យតែយើងរួមគ្នាទៅ យើងនឹងអាចដំណើរមន្ទីរពេទ្យនេះបានជារៀងរហូត»។

ទន្ទឹមនឹងនោះ លោកឧកញ៉ា លឹម ប៊ុនសេង ជាតំណាងរបស់ក្រុមហ៊ុនដីឡូតិ៍ មហាព្រហ្ម០៤ និងសហការីទីផ្សារលក់ ក្រុមហ៊ុន​កប់ស្រូវ លែន អេន ហូម បានថ្លែងថា «ដោយមើលឃើញថា បងប្អូនប្រជាពលរដ្ឋយើង បានធ្វើដំណើរសំដៅមកមន្ទីរពេទ្យ គន្ធបុប្ផា ដើម្បីយកកូនៗរបស់ខ្លួន មកព្យាបាល ដូចនេះ ដោយឃើញថា មានការខ្វះខាត ទើបខ្ញុំ និងសហការីនៅក្រុមហ៊ុនខ្ញុំ សហការរួមគ្នាយកថវិកានេះ ដើម្បីជួយកុមារកុម្ពុជាទូទាំងប្រទេស ដោយខ្មែរជួយខ្មែរ លទ្ធផលនឹងបានល្អទាំងអស់គ្នា»។

លោកបន្ដថា «នេះមិនមែនជាលើកទីមួយទេ គឺច្រើនលើកមកហើយ ដែលយើងបានយកថវិកា មកឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា ហើយយើងនៅតែបន្ដនាំយកថវិកា បន្ដជួយឧបត្ថម្ភដល់មូលនិធិគន្ធបុប្ផា ដើម្បីចូលរួមទ្រទ្រង់ដល់មន្ទីរពេទ្យ ជួយសង្គ្រោះជីវិតកុមារកម្ពុជា» ។

ព្រមជាមួយគ្នានោះ ប្រធានមន្ទីរពេទ្យគន្ធបុប្ផា លោក គី សន់ទី ក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុនដីឡូតិ៍ មហាព្រហ្ម០៤ និងសហការីទីផ្សារលក់ក្រុមហ៊ុន​កប់ស្រូវ លែន អេន ហូម
ដែលបានបន្ដជួយឧបត្ថម្ភដល់មន្ទីរពេទ្យរហូតមក ។

លោកបន្ថែមថា សម្រាប់ក្រុមការងាររបស់មន្ទីរពេទ្យយើង នឹងបន្ដប្ដេជ្ញាចិត្ដរួមគ្នាខ្ពស់ ក្នុងការរក្សាស្ដង់ដារគុណភាព នៃសេវាសុខាភិបាល នឹងបន្ដការងារផ្នែកបច្ចេកទេស ដើម្បីរក្សាស្ដង់ដារនៃការគ្រប់គ្រង ស្ដង់ដានៃសេវាសុខាភិបាល ធានាថាមិនឲ្យមានការធ្លាក់ចុះនូវគុណភាពនោះទេ នឹងបន្ដឲ្យមានការកែលម្អរកាន់តែប្រសើរបន្ថែមទៀត ហើយនេះក៏ជាបំណងប្រាថ្នា របស់លោកវេជ្ជបណ្ឌិត Beat Richner ដែលលោកតែងតែចង់បានកាលពីលោកនៅគ្រប់គ្រងមន្ទីរពេទ្យនេះ ៕