(ភ្នំពេញ)៖ លោកឧកញ៉ា ទៀ វិចិត្រ ក្មួយប្រុសបង្កើតសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារ បានអះអាងថា មានអ្នកមានអំណាចនៅរាជធានីភ្នំពេញ បានទៅប្លន់យកដីចំការរបស់ខ្លួនជាង១៤ហិចតា នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
លោកឧកញ៉ា ទៀ វិចិត្រ បានបង្ហោះសារនៅលើទំព័រ Facebook យ៉ាងដូច្នេះថា «ឥឡូវនេះខ្ញុំកំពុងរងគ្រោះដោយសារ អ្នកមានអំណាចនៅភ្នំពេញ មកប្លន់យកដីចំការរបស់ខ្ញុំហើយបងៗ! អស់អ្នករករឿង បែរជាមកប្លន់ដីគ្នាឯងទៅវិញ ចប់ កប់ អស់យោបល់»។
ក្រៅពីបង្ហោះសារឈឺចាប់នៅលើបណ្ដាញសង្គមហើយនោះ លោកឧកញ៉ាបានប្រាប់បន្ថែមមកកាន់អង្គភាព Fresh News នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨នេះថា «ពិតហើយ ត្រូវបានមានអ្នកអំណាចនៅរាជធានីភ្នំពេញ ប្លន់យកដីពិតប្រាកដមែន ហើយដីនោះជាដីចំការមួយកន្លែង ស្ថិតនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ»។
បើតាមការលើកឡើងរបស់លោកឧកញ៉ា ទៀ វិចិត្រ ដីរបស់លោកដែលត្រូវអ្នកមានអំណាចនៅរាជធានីភ្នំពេញប្លន់យកនោះ មានទំហំ១៤១,១៨៥ម៉ែត្រការ៉េ ស្មើនឹងជាង១៤ហិចតា ហើយករណីនេះទើបតែកើតឡើងប្រមាណ១-២សប្ដាហ៍កន្លងទៅនេះ ខណៈដែលលោកមានឯកសារកាន់កាប់ស្របតាមច្បាប់ទាំងអស់។
លោកឧកញ៉ាបន្ថែមថា បន្ទាប់ពីមានការប្លន់យកដីនេះ ភាគីម្ខាងទៀតដែលលោកសុំមិនបញ្ចេញឈ្មោះ ក៏បានបញ្ជាឲ្យកូនចៅទៅបំផ្លាញរោងចាំចំការរបស់លោក ថែមទៀតផង។ លោកឧកញ៉ា ទៀ វិចិត្រ បន្ដទៀតថា ភាគីម្ខាងទៀតក៏ធ្លាប់បានហៅលោកទៅជួបដើម្បីដោះស្រាយបញ្ហានេះដូចគ្នាផងដែរ ដោយភាគីម្ខាងទៀត ក៏លើកភ័ស្ដុតាង នៃប្លង់កាន់កាប់មកបង្ហាញដូចគ្នា។
តាមរយៈប្លង់កាន់កាប់ដែលអង្គភាព Fresh News ទទួលបានដីខាងលើនេះ គឺលោកឧកញ៉ា ទៀ វិចិត្រ ទិញពីឈ្មោះ ឡុង សុធា មានទីលំនៅភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១០ ដែលមានស្នាមមេដៃភាគីទាំងសង្ខាង និងត្រាទទួលស្គាល់ពីលោកមេឃុំបិតត្រាំង ឈ្មោះ ឡាក់ គៀន ផងដែរ។
បើតាមអត្តសញ្ញាណនៅក្នុងលិខិតបញ្ជាក់ពាក្យកាន់កាប់ដីធ្លី បានបង្ហាញថា ដីរបស់លោកឧកញ៉ា ទៀ វិចិត្រ មានព្រំប្រទល់ខាងជើងទល់នឹងជើងភ្នំ, ខាងត្បូងទល់នឹងផ្លូវលំ, ខាងកើតទល់នឹង ឈ្មោះ ឡុង វិចិត្រ និងខាងលិចទល់នឹងឈ្មោះ ចេង អាន។
យ៉ាងណាមិញ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានសម្ដែងនូវក្ដីអស់សង្ឃឹមចំពោះករណីនេះផងដែរ ដោយលោកមិននឹកស្មានថា ដីដែលលោកមានប័ណ្ណកាន់កាប់ត្រឹមត្រូវ បែរជាត្រូវគេមកប្លន់យកទាំងស្រស់ៗនោះទេ។
យ៉ាងណាក៏ដោយ បណ្តាញព័ត៌មាន Fresh News នៅមិនទាន់អាចសុំការបកស្រាយពីភាគីម្ខាងដែលត្រូវបានឧកញ៉ា ទៀ វិចត្រ ចោទថា បានរំលោភដីរបស់គាត់នោះទេ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨នេះ ដោយសារតែលោកឧកញ៉ា មិនទាន់អាចប្រាប់ឈ្មោះបាន៕