(ពោធិ៍សាត់)៖ ច្បាប់ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងសំណង់ ត្រូវបានលោក លី វណ្ណសូត្រ អនុរដ្ឋលេខាធិការតំណាងឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ផ្សព្វផ្សាយដល់មន្ត្រីជំនាញ បុគ្គលិក សិក្សាគម្រោងប្លង់ ក្រុមហ៊ុមសាងសង់ និងក្រុមជាងសំណង់ខេត្តពោធិ៍សាត់ ឲ្យបានយល់កាន់តែច្បាស់ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨នៅ សណ្ឋាគារខេអឹម។
លោក លៀម ប៊ុនរឿន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តពោធិ៍សាត់ បានថ្លែងថា ក្នុងឆ្នាំ២០១៧ ក្រសួង និងមន្ទីរ បានប្រជុំផ្សព្វផ្សាយច្បាប់លិខិតបទដ្ឋានពាក់ព័ន្ធ វិស័យសំណង់ដល់អាជ្ញាធរ ស្រុក ក្រុង ឃុំ សង្កាត់ដោយមានអ្នកចូលរួម៤១៨នាក់ និងឆ្នាំ២០១៨ មានអ្នកចូលរួម១៩៨នាក់។ លទ្ធផលសំណង់សម្រេចបាន ក្នុងរយៈពេល៨ខែ ឆ្នាំ២០១៨ សំណង់ដែលមានការអនុញ្ញាតចំនួន៣៨គម្រោង មានផ្ទៃដីជិត១៤ពាន់ម៉ែត្រការេ និងសំណង់គ្មានការអនុញ្ញាត ៦៧គម្រោង មានផ្ទៃដីជាង១៤ពាន់ម៉ែត្រការេ ដោយប្រមូលចំណូលពីសេវាសុរិយោដី និងសេវាសំណង់ បានជាង៤៤៣លានរៀល ស្មើនឹង១០៣ភាគរយ។
លោក លី វណ្ណសូត្រ បានថ្លែងថា ច្បាប់ លិខិតបទដ្ឋានគតិយុត្ត ស្តីអំពីការគ្រប់គ្រង និងការប្រកបអាជីវកម្មវិស័យសំណង់ ដែលបានយកមកធ្វើការផ្សព្វផ្សាយ នៅក្នុងខេត្តពោធិ៍សាត់នាពេលនេះ ក្នុងគោលបំណងឲ្យមន្ត្រីជំនាញ បុគ្គលិកសិក្សា គម្រោង ក្រុមហ៊ុនសាងសង់ និងក្រុមជាងសំណង់បានយល់កាន់តែច្បាស់មានភាពល្អប្រសើរ ប្រកបដោយគុណភាព សមត្ថភាព និងគោរពទៅតាមបទដ្ឋានច្បាប់ច្បាស់លាស់ ត្រឹមត្រូវនឹងក្រមសិលធម៌វិជ្ជាជីវៈ។
លិខិតបទដ្ឋានពាក់ព័ន្ធទៅនឹងវិស័យសំណង់ទាំងនោះ រួមមាន៖ អនុក្រឹត្យលេខ៨៦អនក្រ.បក ស្តីពីលិខិតអនុញ្ញាតសាងសង់ ឆ្នាំ១៩៩៧, អនុក្រឹត្យលេខ៤២អនក្រ.បក ស្តីពីនគរូបនីយកម្ម រាជធានីក្រុង និងទីប្រជុំឆ្នាំ២០១២, នីតិវិធីនៃការចុះបញ្ជីប្រកបអាជីវកម្មសំណង់, នីតិវិធីនៃការសិក្សាគម្រោងប្លង់ (ប្លង់ស្ថាបត្យកម្ម និងគ្រឿងបង្គុំ), នីតិវិធីនៃការពិនិត្យគម្រោងប្លង់, និងការនែណាំអំពីឧបករណ៍ បច្ចេកទេសវិទ្យាត្រួតពិនិត្យសំណង់។
តាមរយៈកិច្ចប្រជុំផ្សព្វផ្សាយរយៈពេលមួយព្រឹកនេះ នាយកដ្ឋានសំណង់រួមជាមួយនឹងមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានធ្វើបទបង្ហាញមានសំណួរ ចម្លើយ ដើម្បីបង្កើនចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍សម្រាប់យកទៅ អនុវត្តឲ្យកាន់តែមានប្រសិទ្ធិភាព គុណភាពតាមអភិក្រម រួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាទទួលផល។
កិច្ចប្រជុំនេះ បានជំរុញអ្នកចូលរួម ខិតខំអនុវត្តភារ កិច្ចការរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួន ក្នុងការបម្រើសេវាសាធារណៈ បានល្អប្រសើរស្របតាមពាក្យស្លោក របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺធ្វើឲ្យបាន ធ្វើឲ្យលឿន និងធ្វើឲ្យមានតម្លាភាពទាំងសេវាសុរិយោដី និងទាំងសេវាសំណង់៕