(កំពត)៖ កម្លាំងនគរបាលខេត្តកំពត បានសហការជាមួយកម្លាំងសមត្ថកិច្ចខេត្តតាកែវ ក្រោមការសម្រួលនីតិវិធីពីលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត បានចុះប្រតិបត្តិការ ឈានទៅដល់ការបង្ក្រាបជនសង្ស័យជួញដូរ និងប្រើប្រាស់ថ្នាំញៀន៥នាក់ និងដកហូតវត្ថុតាងថ្នាំញៀនចំនួន១៦កញ្ចប់ ក្នុងនោះធំ៩កញ្ចប់។
ប្រតិបត្តិការចុះបង្ក្រាបករណីគ្រឿងញៀននេះ ធ្វើឡើងនៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិស្រុកចេក ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។
ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានឲ្យដឹងថា ក្រោយពីស្រាវជ្រាវតាមរយៈជនសង្ស័យពាក់ព័ន្ធការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ដែលសមត្ថកិច្ចបង្ក្រាបបាន ជាច្រើនករណីក្នុងភូមិសាស្ត្រខេត្តកំពត នៅពេលថ្មីៗកន្លងមកនេះរកឃើញថា បញ្ហាពាក់ព័ន្ធនូវករណីគ្រឿងញៀនមានមួយផ្នែកជាអ្នកជួញដូរថ្នាំញៀន នៅខេត្តតាកែវ ទើបកម្លាំងសមត្តកិច្ចខេត្តកំពត ពម្លាតដែនភូមិសាស្ត្រ ចុះសហការជាមួយសមត្ថកិច្ចខេត្តតាកែវ ឃាត់ខ្លួនបានជនជួញដូរ និងប្រើប្រាស់ថ្នាំញៀនបាន៥នាក់ និងដកហូតវត្ថុតាងថ្នាំញៀន បានចំនួន១៦កញ្ចប់ ក្នុងនោះមានធំ៩កញ្ចប់។
សមត្ថកិច្ចដដែលបានបន្តថា ជនសង្ស័យដែលកម្លាំងសមត្ថកិច្ច សហការខាងលើឃាត់ខ្លួនបានរួមមាន៖
*១៖ ឈ្មោះ រ៉េ រ៉ាវី ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ។
*២៖ ឈ្មោះហ៊ី អួង ភេទប្រុស អាយុ២៥ ឆ្នាំ រស់នៅភូមិស្រុកចេក ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។
*៣៖ ឈ្មោះញឹម ស្វិត ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិស្វាយអំពា ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ។
*៤៖ ឈ្មោះមាស បឿន ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិស្រុកចេក ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ
*៥៖ ឈ្មោះ ខាន់ ដេត ភេទប្រុស អាយុ៣៤ ឆ្នាំ រស់នៅភូមិសេកយា ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ។
បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ រួមនឹងវត្ថុតាងត្រូវសមត្ថកិច្ចជំនាញ កំពុងសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕