(ព្រះសីហនុ)៖ អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា គិតរហូតមកដល់ម៉ោងជាង៣រសៀល ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨នេះ ស្ថានភាពទឹកបាននិងកំពុងជន់លិចផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានសំរោង ស្ថិតក្នុងឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ហេតុដូច្នេះហើយលោកបានសម្រេចឲ្យផ្អាករថយន្តកុងតឺន័រ និងរថយន្តធុនធំ ផ្អាកចរាចរណ៍ជាបណ្តោះអាសន្ន។
លោក យន្ត មីន ក៏បានបញ្ជាក់ថា «នៅពេលនេះផ្លូវជាតិលេខ៤ (ម្តុំស្ទឹងសំរោង) ទឹកជន់លិចថ្នល់ប្រមាណ២-៤តឹកទៀតហើយ ពេលនេះយើងឲ្យរថយន្តដឹកជញ្ជូនធុនធ្ងន់ផ្អាកចរាចរណ៍សិន ឯរថយន្តទេសចរណ៍តូចៗ រត់ធម្មតាសិន»។
បើតាមឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ក៏បានគូសបញ្ជាក់ថា សម្រាប់ស្ថានភាពទឹកលិចនេះ នៅពេលនេះកម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន កំពុងតែមមាញឹកក្នុងការជួយសម្រួលចរាចរណ៍។
សូមជម្រាបថា ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ពីការព្យាករណ៍អាកាសធាតុ នៅប្រទេសកម្ពុជាដោយបញ្ជាក់ថា ភ្លៀងនឹងធ្លាក់រាយប៉ាយពីមធ្យមទៅច្រើន ក្នុងក្របខ័ណ្ឌទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ បណ្ដាលមកពីឥទ្ធិពលនៃព្យុះទី២២ ឈ្មោះ មង្ឃុត និងព្យុះទី២៣ ឈ្មោះ បារីចាត។
យោងតាមសេចក្ដីជូនដំណឹងបានឲ្យដឹងទៀតថា នៅតំបន់ខ្ពង់រាបភាគឦសាន ជាប់ព្រំដែនកម្ពុជា-ឡាវ និងតំបន់វាលទំនាប តាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម អាចនឹងមានភ្លៀងធ្លាក់ច្រើនជោគជាំ ដែលអាចបង្កជាទឹកជំនន់៕