(ឧត្តរមានជ័យ)៖ ដើម្បីការពារសុវត្ថិភាពម្ហូបអាហារ ក៏ដូចជា សុខមាលភាពប្រជាពលរដ្ឋនោះ អគ្គនាយកដ្ឋានកាំកុងត្រូលតែងតែណែនាំ ឲ្យមន្ត្រីសាខាកាំកុងត្រូល យកចិត្តទុកដាក់ត្រួតពិនិត្យ ទំនិញនានាដែលនាំចូល និងដាក់លក់នៅលើទីផ្សារនានា ដើម្បីធានាថារបស់ទាំងនេះ មានគុណភាពល្អមិនប៉ះពាល់សុខភាពជាពិសេសគ្រឿងបរិភោគ។
នៅថ្ងែទី១៧ ខែកញ្ញា ឆ្នាំ២០១៨នេះ សាខាកាំកុងត្រូលខេត្តឧត្តរមានជ័យដឹកនាំដោយលោក ខាន់ រ៉ាត់ ប្រធានសាខាកាំកុងត្រូលខេត្ត បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះត្រួតពិនិត្យរកទំនិញ ដែលដាក់តាំងលក់ខូចគុណភាព នៅផ្សារអំពិលស្ថិតនៅឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលជាផ្សារមួយនៅដាច់ស្រយាលមានចំងាយពីទីរួមស្រុកបន្ទាយអំពិលជាង៤០គីឡូម៉ែត្រ ជាប់និងខេត្តបន្ទាយមានជ័យ។
លោក ខាន់ រ៉ាត់ ប្រធានសាខាកាំកុងត្រូលខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា ទំនិញដែលអាជីវកដាក់តាំងលក់នៅក្នុងផ្សាអំពិលនេះ គឺនាំចូលពីតាមបណ្តាច្រកនានានៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ។
លោកបន្តថា សកម្មភាពចុះត្រួតពិនិត្យនេះ ធ្វើឡើងដើម្បីពង្រឹងការត្រួតពិនិត្យលើគុណភាពម្ហូបអាហារ ហើយលោកក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ មុននឹងទិញរបស់អ្វីមួយជាពិសេសគ្រឿងបរិភោគដែលគេវេចខ្ចប់ ជាកំប៉ុងក្ដីជាដប ឬជាថង់ក្ដីត្រូវពិនិត្យមើលស្លាកសញ្ញា ឬកាលបរិច្ឆេទដែលមានបិទ ឬបោះពុម្ពភ្ជាប់នៅតាមកំប៉ុង ដប ឬថង់ទាំងនោះឲ្យបានច្បាស់លាស់ ដើម្បីជៀសវាងការចំណាយអស់លុយហើយ ទិញរបស់ដែលខូចគុណភាព ឬហួសកាលបរិច្ឆេទ យកទៅបរិភោគដែលវាអាចធ្វើឲ្យប៉ះពាល់ដល់សុខភាព ជាលទ្ធផល ក្នុង ការចុះពិនិត្យជាក់ស្តែង ក្រុមការងារសាខាបានរកឃើញនូវទំនិញ ហួសកាលបរិច្ឆេតប្រើប្រាស់ មានដូចជាទឹកក្រូចដបចំនួន២២ដប ម្សៅស៊ុប រ៉តឌីចំនួន១៣កញ្ចប់ ស្មើនិង៥,៥គីឡូក្រាម ប្រេងខ្ចងចំនួន២ដប ប្រេងឆា ១៩ដបតូច និងទឹកក្រូចbig cola ៥ដបធំ ធ្វើការសុំ ដកហូតពីម្ចាស់អាជីវកដើម្បីយកមករក្សាទុកដុតកំទេចចោលនៅពេលក្រោយ។
ក្នុងឱកាសនោះផងដែរ លោក ខាន់ រ៉ាត រួមជាមួយ ក្រុមការងារសាខា បានចែកជូននូវ poster ដល់អាជ្ញាធរ សមត្ថកិច្ចដែលចូលរួម និងប្រជាពលរដ្ឋដើម្បីយកមើល និងដើម្បីជួយផ្សព្វផ្សាយបន្តដល់បងប្អូនប្រជាពលរដ្ឋយើងនៅក្នុងមូលដ្ឋានទាំងមូលផងដែរ៕