(បន្ទាយមានជ័យ) ៖ ផ្ទះមួយខ្នងដែលជាក្តីសង្ឃឹមរបស់លោកយាយ គាំ ម៉ក់ ដែលជាជនចាស់ជរាទីទ័លក្រ មានអាយុ៧៧ឆ្នាំ រស់នៅក្នុងភូមិស្តីក្រោម ឃុំគយម៉េង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ មានទំហំ៥ម៉ែត្រx៦ម៉ែត្រ ធ្វើអំពីឈើប្រកសង្ក័សី បានសាងសង់រួចរាល់ជាស្ថាពរ នឹងប្រគល់ឱ្យលោកយាយព្រមទាំងកូន រស់នៅចាប់ពីពេលនេះទៅហើយ។
ពិធីប្រគល់ផ្ទះជូនលោកយាយ គាំ ម៉ក់ បានធ្វើនាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨នេះ ដោយមានការចូលរួមពីលោក សួន សុវន្តារ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត នឹងជាអនុប្រធាន មន្ទីរអភិវឌ្ឍន៍ជនបទតំណាងលោក សួន បវរ អភិបាលខេត្ត, លោកស្រី ហេង សុភ័ក្រ្ត អភិបាលរងស្រុកមង្គលបូរី, លោក ឡៅ សំពរ ប្រធានស្ថានីយ៍វិទ្យុជាតិ នៃមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ រួមនឹងមានការចូលរួមពីសហភាពសហព័ន្ធយុវជនកម្ពុជាស្រុក ឃុំ អជ្ញារធមូលដ្ឋានផងដែរ ។
លោកស្រី ហេង សុភ័ក្រ្ត បានថ្លែងអំណរគុណចំពោះសប្បុរសជន ដែលបានចូលបិច្ចាគថវិកាក្នុងការចូលរួមក្នុងសង្គម ជួយដល់ជនក្រីក្រ ចាស់ជរាគ្មានទីពឹង ជាក់ស្តែងដូចជា លោកយាយ គាំ ម៉ង ដែលលោកយាយបានជួបការលំបាកជាច្រើនឆ្នាំមកហើយ ដោយផ្ទះចាស់មានសភាពទ្រុឌទ្រោម ហើយនៅពេលនេះមានសប្បុរសជនក្នុង និងក្រៅប្រទេសបានគៀរថវិការខ្លះៗ រួមជាមួយនឹងថវិកា ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ស្រុក ឃុំ បានសាងសង់ផ្ទះមួយខ្នងនេះ ដែលមានទំហំខ្នងទំហំ ៥ម៉ែត្រx៦ម៉ែត្រ ធ្វើអំពីឈើប្រកសង្ក័សីកាលពីកន្លងទៅ រហូតមកដល់ពេលនេះបានរួចរាល់ជាស្ថាពរ។
ក្នុងនោះអភិបាលរងស្រុកមង្គលបូរី បានប្រាប់ឱ្យដឹងថា សប្បុរសជនបានចូលរួមមានដូចជា លោកថោង ពោជ និងលោកស្រី លោក ស៊ីវ សុជាតិ និងភរិយា លោក សួន សុវន្តារ អនុប្រធាន ស.ស.យ.ក ខេត្ត នឹងជាអនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ លោកស្រី ជិន សុលីដា និងបុត្រ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ស.ស.យ.កស្រុកមង្គលបូរី ស.ស.យ.ក ឃុំគយម៉េង ក្រុមឆន្ទៈកូនខ្មែរ អង្គភាពស្ថានីយវិទ្យុជាតិ នៃមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ ក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋឃុំគយម៉េង ផងដែរ ។
ថ្លែងក្នុងឱកាសនោះដែរ លោក សួន សុវន្តារ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសាកសួសុខទុក ពីសំណាក់លោក សួន បវរ អភិបាលនៃគណៈអភិបាលខេត្ត និងលោកស្រី ចំពោះលោកយាយ គាំ ម៉ក ។ លោកបានបន្តថា ក្នុងនាមតំណាងឱ្យក្រុមការងារយុវជនខេត្ត សូមចូលរួមត្រេកអរចំពោះលោកយាយ ដែលទទួលបានផ្ទះថ្មីសម្រាប់រស់នៅរួចផុតពីភាពលំបាក់ដូចកាលពីមុន ។
លោក សួន សុវន្តារ លើកឡើងទៀតថា ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ពិសេសឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិកាកណ្តាល ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តបន្ទាយមានជ័យ តែងតែចុះជួយដល់បងប្អូនដែលជួបកាលំបាកដល់ទីកន្លែង ដោយមិនទុកឱ្យបងប្អូនរងទុកវេទនាឡើយ ពោលគឺលោកចុះផ្ទាល់ដល់ទីកន្លែងតែម្តង ដើម្បីដឹងពីសុខទុករបស់បងប្អូនប្រជាពលរដ្ឋ។ លោកបានបន្តថាថ្ងៃនេះបានមកប្រគល់ផ្ទះមួយខ្នងនេះ ហើយលើកក្រោយនឹងមានការប្រគល់ផ្ទះជូនបងប្អូនដែលជួបការលំបាក់បន្តបន្ទាប់ ដោយគ្រាន់តែមានមុន និងក្រោយតែប៉ុណ្ណោះ។
សូមបញ្ជាក់ថា ក្នុងក្រុមការងារក៏បាននាំយកអំណោយចំនួនមួយទៅប្រគល់ជូនលោកយាយ គាំ ម៉ក ផងដែរ ដែលអំណោយទាំងនោះរួមមាន៖ អង្ករ ៥០គីឡូក្រាម ទឹកស៊ីអ៊ីវ ទឹកត្រី មី២កេះ សារ៉ុង៣ កន្សែងពោះគោ១ រួមនឹងថវិកាចំនួន ២០ម៉ឺនរៀល៕