(បន្ទាយមានជ័យ)៖ ក្រុមប្រឹក្សាខេត្តបន្ទយមានជ័យ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៥១ អាណត្តិទី២ ក្រោមអធិបតីភាពលោក អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្ត និងមានការចូលរួមពី លោកអ៊ុ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងលោកសួន បវរ អភិបាលខេត្ត។
ក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាខេត្ត មានរបៀបវារៈចំនួន៦ ដែលបានលើកយកមកពិភាក្សា ក្នុងទិសដៅបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ទៅលើចំណុចខ្វះខាតមួយចំនួន និងកែតម្រូវ ឲ្យបានសមស្របទៅនឹងយុទ្ធសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា។
លោក អ៊ុ រាត្រី បានប្តេជ្ញាចិត្តខិតខំអនុវត្តបន្តទៀត ក្នុងការក្សារសន្តិភាពសណ្តាប់ធ្នាប់ សុវត្ថិភាពសាធារណៈ ជូនប្រជាពលរដ្ឋប្រកបដោយសុខដុមរមនា ក្នុងការបង្កបង្កើនផល និងអាជីវកម្មផ្សេងៗ ព្រមទាំងការផ្តល់សេវាកម្មរដ្ឋបាល ឲ្យមានលក្ខណៈល្អប្រសើ។
ជាមួយគ្នានេះ លោក អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្ត បានថ្លែងថា ទាក់ទងនឹងបញ្ហាប្រឈម និងដំណោះស្រាយ ព្រមទាំងការលើកទិសដៅបន្ត មានសារៈសំខាន់ណាស់ សម្រាប់ជាចក្ខុវិស័យ ក្នុងការអនុវត្តកែលំអរ រាល់បញ្ហាលំបាក។ ម្យ៉ាងទៀត វាជាទិសដៅអាទិភាពសម្រាប់ខែ ដែលទាក់ទងជាមួយនឹងផែនការ របស់មន្ទីរអង្គភាព ទៅលើគោលនយោបាយថ្នាក់ជាតិ។
លោក អ៊ុង អឿន បានក្រើនរំឭកដល់សមាជិកក្រុមប្រឹក្សាខេត្ត ត្រូវចូលរួមចំណែកគិតគូរដោះស្រាយ រំលែកទុក្ខលំបាក របស់ថ្នាក់ដឹកនាំ ចំពោះប្រជាពលរដ្ឋ។ លោកក៏បានជំរុញ ឲ្យធ្វើសកម្មភាព ក្នុងបេសកម្មការងារចុះជួយច្រូតស្រូវ ជូនប្រជាពលរដ្ឋរងគ្រោះ ផងដែរ៕