(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានចូលរួមរីករាយជាមួយប្អូនៗ ដែលនិទ្ទេស A នៃការប្រលងបាក់ឌុបឆ្នាំ២០១៨នេះ ដែលនៅទូទាំងខេត្តកំពង់ស្ពឺសិស្សដែលជាប់បាន និទ្ទេសល្អប្រសើរទាំងនេះមានចំនួន៧រូប។
ជាការអបអរសាទរ និងគោរពតាមការសន្យារបស់ខ្លួននោះនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨នេះ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានប្រគល់ម៉ូតូម្នាក់មួយគ្រឿង ជូនដល់សិស្សដែល ជាប់ជ័យលាបភី ក្រោមកិច្ចស្វាគមន៍យ៉ាងខ្លាំងពីក្រុមសិស្ស និងអាណាព្យាបាលរបស់ពួកគេ។
ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏សូមថ្លែងអំណរគុណផងដែរ ចំពោះលោក លោកស្រី ទាំងអស់ ដែលបានចូលរួមគាំទ្រយ៉ាងពេញទំហឹងទៅលើវិស័យអប់រំ ដែលស្របទៅនឹងគោលនយោបាយ របស់ប្រមុខនៃរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន។
សូមជម្រាបថា ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ បានចេញសេចក្តីប្រកាសព័ត៌មានមួយ បញ្ជាក់ពីការសម្រេច «មោឃៈ» លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០១៨ សម្រាប់ថ្នាក់វិទ្យាសាស្ត្រ ដែលប្រកាសលទ្ធផលលើកទី១ កាលពីថ្ងៃទី០៩ ខែកញ្ញា ក្រោយក្រសួងទើបបានប្រកាសលទ្ធផលថ្មីរួច។
ក្រសួងបានបញ្ជាក់ថា មានតែបេក្ខជនចំនួន ៩៧៥នាក់ប៉ុណ្ណោះ ដែលបានប្រែប្រួលពីនិទ្ទេស F (ធ្លាក់) មកនិទ្ទេស E (ជាប់) វិញ។ ការលើកយកលំដាប់ពិន្ទុនៃការប្រកាសលើកទី១ និងលើកទី២ មកប្រៀបធៀបគ្នា ជាការប្រកាសមិនមានន័យទេ ដោយសារតាមបច្ចេកទេស លំដាប់ពិន្ទុ មិនមែនជា ពិន្ទុសរុប នោះទេ។
ក្រសួងអប់រំបញ្ជាក់ថា បន្ទាប់រកឃើញកំហុសបច្ចេកទេសនេះ ធ្វើឲ្យលទ្ធផលនៃការប្រឡងសញ្ញាបត្របាក់ឌុបប្រែប្រួល ដោយចំនួនអ្នកជាប់កើតឡើងដល់ ៧៦,០៣៤នាក់ ស្មើនឹង៦៧.០៧ភាគរយ។ បេក្ខជនជាប់និទ្ទេស A មានចំនួន ៤០៨នាក់ និទ្ទេស B ចំនួន ២,២២២នាក់ និទ្ទេស C ចំនួន ៦,០៤១នាក់ និទ្ទេស D ចំនួន ១៥,១៨០នាក់ និងនិទ្ទេស E ចំនួន ៥,២១៨៣នាក់៕