Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បញ្ជូនបុរសចិន៣នាក់ ជំនាញខាងចាប់ជម្រិត និងវាយកាប់ចាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់

17-09-2018 13:41

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨នេះ នគរបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជូនបុរសជាតិចិនចំនួន៣នាក់ ទៅតុលាការ ពាក់ព័ន្ធរឿងកាប់ចាក់គ្នា និងជម្រិតទារប្រាក់ ដើម្បីបន្តចំណាត់ការតាមនីតិវិធី។

បើតាមរបាយការណ៌របស់សមត្ថកិច្ច បានបញ្ជាក់ថា ជនសង្ស័យទាំង៣នាក់ រួមមាន ទី១៖ ឈ្មោះ Chen DongWen ភេទប្រុស អាយុ៣៧ឆ្នាំ, ទី២៖ ឈ្មោះ Ehen qiuzi ភេទប្រុស អាយុ ២៣ឆ្នាំ និងទី៣៖ ឈ្មោះ Li QingMou ភេទប្រុស អាយុ៤២ឆ្នាំ។ ចំណែកជនរងគ្រោះ មានឈ្មោះ Li Shigang ភេទប្រុស អាយុ៤៧ឆ្នាំ ជាថៅកែសិប្បកម្ម១កន្លែង មានទីលំនៅក្រុងដូនកែវ ខេត្តតាកែវ។

របាយការណ៌ បានបញ្ជាក់ទៀតថា ក្រុមជនសង្ស័យ ទាំង៣នាក់ ក្នុងចំណោមគ្នា៥នាក់ (មាន២នាក់ រត់គេចខ្លួន) ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនបានកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨។ សមត្ថកិច្ច បានចាប់ខ្លួនពួកគេ បន្ទាប់ពីទទួលបណ្តឹងរបស់ជនរងគ្រោះ។

តាមបណ្តឹងជនរងគ្រោះ បានប្តឹងចោទប្រកាន់ថា ក្រុមជនសង្ស័យមានគ្នា៥នាក់ បានបង្កការវាយតប់ និងជម្រិតទារប្រាក់ចំនួន ៤៥,០០០ដុល្លារ ប្រព្រឹត្ដិកាលពីរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចទីតាំងកម្ចីប្រាក់ យីហោ «ហ័ងស៊ីង» ស្ថិតនៅក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ទើបសមត្ថកិច្ចឃាត់ខ្លួន កសាងសំណុំរឿង បញ្ជូនមកតុលាការ ដើម្បីចំណាត់ការតាមនីតិវិធី៕