
Updated News: កម្មករនៅរោងចក្រ «ជីម លី» ព្រមបើកផ្លូវជាតិលេខ៤ ឱ្យដំណើរការឡើងវិញ ក្រោយក្រសួងការងារ ប្រកាសយកប្រាក់របស់រាជរដ្ឋាភិបាល បើកជូនមុនថ្ងៃភ្ជុំបិណ្ឌ (Video inside)
17-09-2018 12:53
(ភ្នំពេញ)៖ នៅវេលាថ្ងៃត្រង់ទី១៧ ខែកញ្ញា ឆ្នាំ២០១៨នេះ កម្មករ-កម្មការិនីនៅរោងចក្រយីហោ «ជីម លី» បានយល់ព្រមបើកផ្លូវជាតិលេខ៤ ឱ្យដំណើរការឡើងវិញហើយ បន្ទាប់ពីមន្ត្រីក្រសួងការងារ ប្រកាសថា នឹងយកថវិកាបុរេប្រទានរបស់រាជរដ្ឋាភិបាល ទៅបើកជូនពួកគាត់នៅមុនថ្ងៃភ្ជុំបិណ្ឌ។
ការចុះសម្របសម្រួល និងដោះស្រាយបញ្ហាជូនក្រុមកម្មករ-កម្មការិនីខាងលើនេះ គេឃើញមានការចូលរួមពីសំណាក់លោក ប្រាក់ ចាន់ធឿន មន្រ្តីជាន់ខ្ពស់ក្រសួងការងារ, លោក ឃឹម ស៊ុនសូដា អភិបាលរងខណ្ឌពោធិសែនជ័យ, លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិសែនជ័យ ព្រមទាំងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។
ភ្នាក់ងារព័ត៌មាន Fresh News ដែលទៅយកព័ត៌មានផ្ទាល់នៅកន្លែងតវ៉ា បានឲ្យដឹងថា បន្ទាប់ពីមន្រ្តីក្រសួងការងារ និងអាជ្ញាធរបានប្រកាស និងដោះស្រាយជូនពួកគាត់ ដោយសន្យាថា នឹងយកប្រាក់បុរេប្រទានរបស់រាជរដ្ឋាភិបាល ទៅបើកជូនពួកគាត់នោះ ពួកគេក៏បានបើកផ្លូវឡើងវិញ និងយល់ព្រមទទួលយកដំណោះស្រាយតែម្តង។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ មានកម្មករ-កម្មការិនីប្រមាណ៥០០នាក់ ក្នុងចំណោមកម្មករជាង២៥០០នាក់ បាននាំគ្នាបិទផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងភូមិគល់ សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយពួកគេទាមទារ ឱ្យក្រសួងការងារដោះស្រាយជូនពួកគាត់ បន្ទាប់ពីថៅកែរោងចក្របានរត់ចោល និងមិនបើកប្រាក់ខែឱ្យចំនួន២ខែមកហើយ៕