(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨នេះ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ថា សម្រាប់ប្រតិបត្តិការបង្ក្រាបបទល្មើស គ្រឿងញៀននៅក្នុងខារ៉ាអូខេ «PRO» ស្ថិតនៅសង្កាត់បឹងត្របែក ខណ្ឌចំការមន កម្លាំងសមត្ថកិច្ចបានឃាត់មនុស្សចំនួន២០នាក់ ក្នុងនោះស្រី៥នាក់។
បើតាមនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានគូសបញ្ជាក់ថា កិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរ ប្រើប្រាស់ថ្នាំញៀនដោយខុសច្បាប់នៅទីតាំងខារ៉ាអូខេ ឈ្មោះ PRO កាលពីសប្តាហ៍មុន កម្លាំងជំនាញ «ក៣» របស់មន្ទីរប្រឆាំងគ្រឿងញៀន បានបង្ក្រាបដោយឃាត់ខ្លួនជនសង្ស័យ២០នាក់ (ស្រី៥), ថ្នាំញៀនប្រភេទខេតាមីន៣០គ្រាប់ និងម៉េតំហ្វេតាមីន ICEចំនួន១៨កញ្ចប់តូច។
នាយឧត្តមសេនីយ៍បានបន្តថា តាមការសួរចម្លើយករណីនេះពាក់ព័ន្ធបទល្មើសជួញដូរ២នាក់ និងលទ្ធផលធ្វើតេស្តមានផ្ទុកសារធាតុញៀន១៥នាក់ (ស្រី៣) និងគ្មានផ្ទុកសារធាតុញៀន៣នាក់ (ស្រី២)។
សម្រាប់ជនសង្ស័យទាំងនេះ សមត្ថកិច្ចជំនាញបានចាត់កាតតាមផ្លូវច្បាប់៕